ក្រុមការងារអភិរក្សសត្វកម្ពុជា ចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំ - TrueID

ក្រុមការងារអភិរក្សសត្វកម្ពុជា ចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំ

June 18, 2022

កម្ពុជា៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំរបស់ខ្លួនស្ថិតក្នុងក្របខណ្ឌនៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ ដងដើម្បីតាមដានលើទិន្នន័យវត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សានិងអភិរក្សប្រភេទសត្វស្លាបកម្រនេះឱ្យ បានគង់វង្ស។

ទីតាំងជំរឿនចំនួន ៤ កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នានាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ ទី២-ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ទី៣-ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និង ទី៤-ដែនជម្រកសត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមការធ្វើជំរឿនសត្វត្មាតលើកទី៣ ប្រចាំឆ្នាំ២០២២ នេះនៅតំបន់ដែនជម្រកសត្វព្រៃសម្បូណ៌ ដោយមានការអញ្ជើញចូលរួមពីតំណាង អង្គការ WWF និងអង្គការអភិរក្សអន្តរជាតិ CI។ ទិន្នន័យរួមចុងក្រោយមួយនឹងត្រូវបូកសរុបបន្ទាប់ពីប្រមូលបានទិន្នន័យពីទីតាំងជំរឿននានា។

​ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាតនៅកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។ ទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាត​៣ ប្រភេទដែល​មាននៅ​ប្រទេស​កម្ពុជា​គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតកសផេះ មាន​វត្តមាន​សរុប​ចំនួន ១២១ ​ក្បាល នៅក្នុង​អាហារដ្ឋាន​ត្មាតចំនួន​ ៤ កន្លែង​នៅ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ក្នុង​នោះ​មាន​ត្មាតភ្លើង ២០ ​ក្បាល​ត្មាតផេះ ៦៦ ​ក្បាល និង​ត្មាត​ត្នោត​ ៣៥ ​ក្បាល។

​លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាតដោយ​អាហារដ្ឋាន​ត្មាត នៅ​ដែនជម្រក​សត្វព្រៃ​សំបូរ​នៃ​តំបន់ទេសភាព​ព្រៃ​លិចទឹក​មេគង្គកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន ៤១ ក្បាល និងបាន​បង្ហាញថា ចំនួន​សត្វត្មាត​សរុប​ទាំង ៣ ប្រភេទ​បញ្ចូល​គ្នា​បាន​កើនឡើងទ្វេដងសម្រាប់​តំបន់​នេះ​ពោលគឺ​ពី​ចំនួន​ ២០ ​ក្បាល​ដល់​ចំនួន ៤១ ​ក្បាល​សម្រាប់​ចន្លោះ​ចុងខែមិថុនា​ដល់​ចុងខែ​សីហា​ឆ្នាំ​ ២០២១​ កន្លងទៅ។ កម្ពុជា​គឺជា​ក្តីសង្ឃឹម​ចុងក្រោយសម្រាប់​ប្រភេទ​សត្វត្មាត​ទាំងនេះនៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមក​។

ដើម្បីការពារនិងអភិរក្សសត្វត្មាតឱ្យបានគង់វង្ស សកម្មភាព​សិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​សត្វត្មាត​នៅ​ប្រទេស​កម្ពុជា​ បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​ ២០០៤ ដែល​នៅពេល​នោះ​ចំនួន​សត្វ​ត្មាត​ដែល​បាន​កត់ត្រា​ពេលធ្វើ​ជំរឿន មាន​ចំនួន​ ១៦២ ​ក្បាល ដែលជា​ទិន្នន័យ​ធ្វើ​ជំរឿន​លើកដំបូង​។ ទិន្នន័យ​ជំរឿន​ឆ្នាំ​ ២០១០ ​ចំនួន​សត្វត្មាត​បាន​កើន​ដល់ ២៨៩ ​ក្បាល​។ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ចំនួន​សត្វត្មាត​មាន​ការថយចុះ​គួរឱ្យ​បារម្ភ​។ ចាប់ពី​ពាក់កណ្តាល ឆ្នាំ​ ២០១៤ រហូតដល់​បច្ចុប្បន្ន ចំនួន​សត្វត្មាត​ទាំង ៣ ​ប្រភេទ​មាន​ចន្លោះ​ពី ១២០ ទៅ​ ១៤០ ​ក្បាល​។ ដោយឡែក​ចំនួន​សម្បុក​ដែល​បាន​រកឃើញ​ និង​ការពារ​ក៏មាន​ការធ្លាក់ចុះ​ពី ២៧ ​សម្បុក នៅក្នុង​ឆ្នាំ​ ២០១៥ មក​សល់​ត្រឹម​ ១៤ ​សម្បុក​ក្នុង​ឆ្នាំ​ ២០២១​។ សត្វត្មាត​ទាំង​ ៣ ​ប្រភេទ​នេះ សុទ្ធសឹង​តែ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN​។

លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF បានថ្លែងថាជំរឿនសត្វត្មាតប្រចាំឆ្នាំគឺធ្វើឡើងចំនួន ៥ ដងគឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ ខែមិថុនាត្រូវធ្វើជំរឿន ២ ដងដើម្បីទទួលបានព័ត៌មានច្បាស់លាស់ដោយសារតែរដូវពងកូននិងញាស់របស់សត្វត្មាតគឺនៅអំឡុងខែមេសា និងខែឧសភា។ ​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាតមានចំនួនថេរ និងមិនទាន់មានសញ្ញានៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាពនៃការអភិរក្សសត្វត្មាតនេះត្រូវបន្តដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យ បាន។ លោកបន្តថាមានបញ្ហាប្រឈមជាច្រើនក្នុងការអភិរក្សសត្វត្មាតក្នុងនោះកត្តាចំណីអាហារដែលបច្ចុប្បន្នមានការកាត់បន្ថយដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុកដែលស្លាប់ក្នុងព្រៃកាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្សត្រូវផ្តល់ចំណីបន្ថែមជាប្រចាំខែ។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែនជម្រកសត្វព្រៃសម្បូណ៌មានវត្តមានសត្វត្មាតចុះមកនារដូវវស្សា និងសន្និដ្ឋានថាតំបន់នេះ ដែលស្ថិតក្រោមការអភិរក្ស ការពារនិងតាមដានជាប្រចាំមានសុវត្ថិភាពសម្រាប់ពួកសត្វត្មាតរស់នៅ ទើបពួកគេបានមករស់នៅតំបន់នេះ។ លោកបានថ្លែងថាតាមរយៈការផ្តល់ចំណីបន្ថែមនេះបានធ្វើឱ្យ ទីតាំង នៅដែនជម្រកសត្វព្រៃសម្បូណ៌កាន់តែមានការទាក់ទាញសត្វត្មាតបន្ថែមទៀត។

ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាត រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ស្ថានភាព​សត្វត្មាត​កម្ពុជា​មាន​សញ្ញាណ​វិជ្ជមាន ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​អភិរក្ស​សត្វត្មាត​កម្ពុជា តែ​ទាមទារ​បង្កើន​កិច្ចការពារ​បន្ថែមទៀត​។ ជាមួយ​លទ្ធផល​រាប់បាន​នៅ​ខែ​ចុងក្រោយ​នេះ យើង​ឃើញថា អាហារដ្ឋាន​ត្មាត​នៅ​ដែនជម្រក​សត្វព្រៃ​សំបូរ មាន​ការកើនឡើង​នូវ​ចំនួន​សត្វត្មាត​គួរឱ្យ​កត់សម្គាល់​​៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...