ភ្នំពេញ៖ ក្រោយពីឈុតក្រៅនៃខ្សែភាពយន្តមួយដែលមានចំណងជើងថា « មេឃខៀវ » ដែលផេក Sastra Film បង្ហោះក្នុងហ្វេសប៊ុក ដោយមានតួអង្គបុរសពីរូបដែលស្លៀកបំពាក់បែបសិស្សសាលា(អាវសដៃខ្លី និងខោខ្លីពណ៍ខ្មៅ) រួចមក ក៏មានបុរសម្នាក់មកវែកញ៉ែក និងពន្យល់អំពីហេតុផលមួយចំនួនអំពីទស្សនៈរបស់លោកផងដែរ។
ដោយឡែក លោក វីរៈ វ៉ារ៉ានី ដែលជាអនុប្រធានក្រុមព្រះសុរិយា បានចេញមុខមក បង្ហាញពីទស្សនៈរបស់លោក និងរិះគន់ក្នុងន័យស្ថាបនា ដែលខ្លឹមសារទាំងមូលមានអត្ថន័យថា៖
សូមចូលរួមមតិតិចតួចជូនផលិតករមួយចំនួន ក្នុងនាមខ្ញុំជាទស្សនិកជនមួយរូប ខ្ញុំបានតាមដាននិងសង្កេតរាល់ស្នាដៃកុនខ្មែរដែលកំពុងផលិតក្នុងបច្ចុប្បន្នភាពសព្វថ្ងៃ ឃេីញថាមានការរីកចម្រេីនជាលំដាប់ចំពោះការថត តែថ្ងៃនេះខ្ញុំប្រទះឃេីញដោយចៃដន្យនូវវណ្ណកម្មថ្មីមួយរបស់ក្រុមហ៊ុនថតភាពយន្តក្នុងស្រុកមួយ។ ខ្ញុំនិយាយតាមត្រង់ ខ្ញុំមេីលមួយភ្លែតស្មានតែជាកុនបរទេស ដោយឃេីញសម្លៀកបំពាក់របស់តួអង្គ ដល់មេីលយូរទៅទេីបដឹងថាជាកុនខ្មែរសោះ។ ចំណុចដែលឃេីញខុសប្រក្រតីនោះគឺ សម្លៀកបំពាក់ ម៉ូតសក់តែម្តង។ ស្រុកខ្មែរយេីងតាំងពីដេីមរៀងមក យុវជនក្នុងកម្រិតអនុវិទ្យាល័យ រឺវិទ្យាល័យ មិនត្រូវបានអនុញ្ញាតអោយស្លៀកខោបែបនេះទៅរៀនទេ មានតែប្រទេសថៃទេីបស្លៀកបែបនេះ។ តែបេីក្មេងៗរៀននៅមតេយ្យសិក្សា រឺបឋមសិក្សា ពិតជាអាចស្លៀកខោខ្លីបែបនេះមែន តែចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ សង្គមខ្មែរយេីងពុំអនុញ្ញតអោយសិស្សប្រុសស្លៀកខោខ្លីៗមករៀននោះទេ ហើយមកដល់កម្រិតសិក្សានៅសកលវិទ្យាល័យក៏ដូច្នេះដែរ។ រឿងពិតមួយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្លាប់ស្លៀកខោខ្លីបែបនេះទៅរៀនម្តងត្រូវគ្រូប្រដៅថាហាមស្លៀកខោខ្លីបែបនេះមករៀន។ តែសម្លៀកបំពាក់នេះគាត់គ្រាន់តែស្លៀកដេីរលេង នោះជាការណ៍មួយផ្សេងតាមការនិយមរបស់គេ តែក៏មេីលមួយភ្លែតឃេីញថាជាលក្ខណះស្ទាយ៍របស់ប្រទេសជិតខាងយេីងដែរ។ ខ្ញុំបានសិក្សាស្វែងយល់ដោយមានមិត្តមួយចំនួនជាជនជាតិថៃបានដឹងថា នៅប្រទេសថៃគឺសាលាគេតម្រូវអោយស្លៀកខោខ្លីតាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដែលនេះគេហៅថា ឯកសណ្ឋានរបស់ជាតិសាសន៍គេ មិនខុសពីជាតិទេ យេីងក៏មានឯកសណ្ឋានគំរូសម្រាប់សាលារដ្ឋដូចគ្នា នៅតាមកម្រិតសិក្សាដោយសិស្សក្មេងៗថ្នាក់មតេយ្យសិក្សា និងបឋមអាចស្លៀកខោខ្លីបានមែន តែដល់ថ្នាក់អនុវិទ្យាល័យពុំអាចស្លៀកខោខ្លីបានឡេីយ។ សម្រាប់សិស្សសាលារដ្ឋ ក្នុងកម្រិតថ្នាក់អនុវិទ្យាល័យ រឺវិទ្យាល័យ និងសកលវិទ្យាល័យការស្លៀកខោខ្ចីមករៀនបែបនេះគឺពុំមានទាល់តែសោះ តេីការថតនេះជាលក្ខណះសិស្សសាលារដ្ឋ រឺសាលាឯកជន? តើនេះជាសិស្សវិទ្យាល័យ រឺនិស្សិតសកលវិទ្យាល័យ? បេីសិនជាសាលាឯកជនវិញ ស្រុកយេីងក៏ពុំសូវមានសិស្សសាលាស្លៀកខោខ្លីបែបនេះដែរ ចំណែកសាលាឯកជនវិញតើអាចមានស្លៀកបែបនេះដែររឺទេ? ករណីនេះ ខ្ញុំពុំសូវបានដឹងច្រើនពីលក្ខណះប្រើប្រាស់របស់សាលាឯកជននោះឡើយ។ បើមានលក្ខណះបែបនេះជួយប្រាប់ផង! ខ្ញុំសូមចូលរួមយោបល់ប៉ុណ្ណឹង កុំថាខ្ញុំជ្រុលនិយមរឺថាខ្ញុំចេះតែរិះគន់ទិទៀន តែនេះជាតថភាពសង្គមពិតៗ។ កុនគឺឆ្លុះបញ្ចាំងពីសង្គម មិនអាចប្រាសចាកពីសង្គមពិតបាននោះទេ ហើយកុនបង្ហាញពីអ្វីគ្រប់សព្វដែលសង្គមមួយមាន បេីធ្វេីខុសពីសង្គមពិតជាក់ស្តែងនោះ ប្រាកដជាក្លាយទៅជារឿងផ្សេងទៀតបាន។ សូមមេត្តាកុំគិតថា សម្លៀកបំពាក់ កាយវិការ ពាក្យសម្តីមិនសំខាន់សម្រាប់ការកសាងកុនមួយអោយសោះ កត្តាទាំងនោះគឺជាការណ៍សំខាន់ដែលនាំអោយអ្នកទស្សនាយល់ និងឆ្លុះបញ្ចាំងពីភាពយន្តទាំងនោះ។ ខ្ញុំទិទៀននេះក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ពុំមានចេតនាអ្វីផ្សេងឡេីយ។ មតិផ្ទាល់នៃខ្ញុំ វីរៈ វ៉ារ៉ានី — លោក វីរៈ វ៉ារ៉ានី អនុប្រធានក្រុមព្រះសុរិយា ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលទស្សនារូបភាពខាងក្រោម៖
លោក វីរៈ វ៉ារ៉ានី ឈុតក្រៅឆាកក្នុងខ្សែភាពយន្ត«មេឃខៀវ» ឈុតក្រៅឆាកក្នុងខ្សែភាពយន្ត«មេឃខៀវ» ឯកសណ្ឋាន គម្រូ សិស្សានុសិស្ស