រថយន្តធុនធ្ងន់​ជាង៣០គ្រឿង ត្រូវបាន​​រកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ - TrueID

រថយន្តធុនធ្ងន់​ជាង៣០គ្រឿង ត្រូវបាន​​រកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ

September 17, 2022

កណ្តាល៖ ​ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ដោយមានការចូលរួមសហការពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក មឹង យូឡេងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

ប្រតិបត្តិការនេះ បានត្រួតពិនិត្យរកឃើញរថយន្តធ្ងន់ធ្ងន់ចំនួន៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះតាមរយៈការដាក់ជញ្ជីងថ្លឹងនៅចំណុចគល់ស្ពានព្រែកសំរោង ផ្លូវលេខ២១បេ ភូមិព្រែកសំរោងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលតាំងពីថ្ងៃរសៀលរហូតដល់ពាក់កណ្ដាលយប់អាធ្រាត ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្ដម​អនុរដ្ឋលេខាធិការបានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់(ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀតព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិនិងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បន្ថែមពីលើនេះឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលឹកពីការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលតែងតែលើកឡើងថា «សូមអ្នកបើកបរដឹកជញ្ជូនទាំងអស់កុំខ្លាចមន្ត្រីសមត្ថកិច្ច តែត្រូវខ្លាចច្បាប់»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤​ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៦៣គ្រឿង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...