សៀមរាប៖ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ មានចំនួន១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានបន្តដំណើរមកទស្សនាតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ដូចជាប្រាសាទអង្គវត្ត លានជល់ដំរី និងប្រាសាទបាយ័ន ។
ក្នុងឱកាសដឹកនាំប្រតិភូចូលទស្សនាប្រាសាទអង្គរវត្ត ឯកឧត្តម អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានរៀបចំជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ននោះផងដែរ ។
ឯកឧត្តមឯកអគ្គរាជទូត បន្តថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាឲ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយការទូតសេដ្ឋកិច្ច រួមមាន ៖ វិស័យទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌ និងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទស្សនាក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យកាន់តែច្រើនឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ។
ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទបាយ័ន ឯកឧត្តម Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានដឹង និងឃើញផ្ទាល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ និងការីកចម្រើនរបស់កម្ពុជា ពិសេសបានមកដល់ទឹកដីអង្គរ ខេត្តសៀមរាប ដោយបានទស្សនាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលជាសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ូឡូញ បានថ្លែងការកោតសរសើរចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានបង្កើតកម្មវិធីនេះឡើង ហើយទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះប្រតិភូគ្រប់ប្រទេសទាំងអស់ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ការវិនិយោគកាន់តែច្រើន ដែលនឹងជួយឱ្យកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ថែមទៀត ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប