ទីក្រុងប៉េកាំង បិទស្ថានីយ៍រថភ្លើងក្រោមដី និងផ្អាកផ្លូវរថយន្តក្រុងរាប់សិបកន្លែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ - TrueID

ទីក្រុងប៉េកាំង បិទស្ថានីយ៍រថភ្លើងក្រោមដី និងផ្អាកផ្លូវរថយន្តក្រុងរាប់សិបកន្លែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

May 4, 2022

បរទេស៖​ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បាន​កត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥១ករណី ក្នុងរបាយការណ៍ថ្ងៃពុធនេះ​ ខណៈអាជ្ញាធរបានផ្អាកដំណើរការផ្លូវដឹកជញ្ជូនសាធារណៈជាច្រើននិង​បិទស្ថានីយ៍រថភ្លើងក្រោមដី​ ​​ក្នុងយុទ្ធការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩និងដើម្បីជៀសវាងកុំឱ្យមានជោគវាសនាដូច​ទីក្រុងស៊ាងហៃ ​ជាកន្លែងដែល​ប្រជាជនរាប់លាននាក់ត្រូវស្ថិតនៅក្រោម​វិធានការ​បិទខ្ទប់យ៉ាងតឹងរ៉ឹង អស់រយៈពេលជាងមួយខែមកហើយ។ នេះបើតាមប្រភព័ត៌មានSCMP។

ប្រភពដដែលបានឱ្យដឹងទៀតថា​ ស្ថានីយ៍រថភ្លើងក្រោមដីជាង៤០កន្លែង ស្មើប្រហែល១០ភាគរយនៃចំនួនស្ថានីយ៍រថភ្លើងក្រោមដីសរុប និងផ្លូវឡានក្រុង១៥៨កន្លែង ​ត្រូវបានផ្អាកដំណើរការ ក្នុងរដ្ឋធានីប៉េកាំង​​។ ក្នុងនោះ​ ស្ថានីយ៍និងសេវាកម្មដឹកជញ្ជូន ដែលត្រូវបានផ្អាកដំណើរការ ភាគច្រើនគឺស្ថិតនៅក្នុងសង្កាត់ Chaoyang ជាកន្លែងដែលករណីឆ្លងភាគច្រើន ត្រូវបានគេរកឃើញ។ 

​នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា សាលារៀននានាក្នុងទីក្រុងប៉េកាំង បានពន្យារពេលត្រឡប់ទៅថ្នាក់រៀនផ្ទាល់វិញ រហូតដល់ថ្ងៃទី១១ ខែឧសភា។ ដោយឡែក អ្នកដែលចង់ចាកចេញពីរដ្ឋធានី ត្រូវតែបង្ហាញ​លទ្ធផលធ្វើតេស្ត និង​ត្រូវមានលេខកូដសុខភាពពណ៌បៃតងមុនពេលឡើងយន្តហោះឬតាមរថភ្លើង។ ជាមួយគ្នានោះ កន្លែងត្រួតពិនិត្យជាច្រើនកន្លែង នឹងក៏ត្រូវរៀបចំឡើង​សម្រាប់អ្នកដែលចាកចេញពីទីក្រុងប៉េកាំងតាមដងផ្លូវផងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...