ក្រសួងអំពាវនាវឲ្យយកឡានមកធ្វើការឆៀក ខណៈយានយន្តហួសសុពលភាពឆៀក មានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង - TrueID

ក្រសួងអំពាវនាវឲ្យយកឡានមកធ្វើការឆៀក ខណៈយានយន្តហួសសុពលភាពឆៀក មានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង

December 21, 2022

ភ្នំពេញ៖​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្តល់សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។ ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយានយន្តមកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ https://techinspection.mpwt.gov.kh ផងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...