ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រជាជន និងកម្មកររោងចក្រ បន្តចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាប្រទេសកម្ពុជានៅពេលនេះ ការឆ្លងជំងឺកូវីដ-១៩នៅមានចំនួនតិចតួចក្តី ក៏សម្តេចនៅតែមានការ ព្រួយបារម្ភពីការចម្លងជំងឺនេះ នៅក្នុងសហគមន៍ដដែល ដូចនេះសម្តេច នៅតែបន្តអំពាវនាវហើយអំពាវនាវទៀត ដល់ប្រជាពលរដ្ឋ គ្រប់រូប ជាពិសេសកម្មកររោងចក្រ សូមបន្តចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសនិងគ្រប់ៗគ្នា នៅតាមទីតាំងដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល។
សម្តេចតេជោបានមានប្រសាសន៍បន្តថា បើកាលណាភាពសុំាសហគមន៍របស់យើងកាន់តែរឹងមាំ និងគ្មានការឆ្លងបន្តទៀត នោះប្រទេសរបស់យើង មិនមានការព្រួយបារម្ភ ហើយកាតព្វកិច្ចក្នុងការពាក់ម៉ាស់ គឺមិនចាំបាច់ទៀតនោះទេ។
ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង បន្តទទួលយកនូវវ៉ាក់សាំងដូសជំរុញ ជាដូសទីបី ឬដូសទីបួន គេបានឃើញហើយថា យើងចាក់មកដល់ពេលនេះដូសទីបី ទើបតែបានជាងប្រាំបីលាននាក់ ក្នុងចំណោមមនុស្ស ដែលត្រូវបានចាក់ជាងដប់បួនលាននាក់ ដូសទីបួនបានជាងមួយលាននាក់ អ៊ីចឹងទេ បានជាខ្ញុំប្រាប់ឲ្យបើកយុទ្ធនាការ ដើម្បី តម្រង់ឆ្ពោះទៅរកកម្មករនៅតាមរោងចក្រ តម្រង់ឆ្ពោះទៅរកអ្នកដែលរកស៊ីលក់ដូរនៅតាមផ្សារ ព្រោះជាតំបន់ប្រមូលផ្ដុំ ទោះអ្នកលក់តាមកញ្ច្រែងក្ដី អ្នកដែលបើកបរតាក់ស៊ី អ្នកដែលបើកបរកង់បី និយាយរួមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវយកចិត្ត ទុកដាក់ឱ្យមែនទែន ដើម្បីឱ្យមានភាពសុំាសហគមន៍ ក្នុងចំណោមពួកគាត់ដែលងាយរងគ្រោះក្នុងការឆ្លង កម្មកររើសសំរាម បោសសំរាម ឬអ្នកលក់ដូរតូចតាចតាមចិញ្ចើមថ្នល់ ត្រូវតែទទួលបានវ៉ាក់សាំងការពារ ដែលយើងចាត់ទុកថា ជាអាទិភាព នៃការខិតខំរបស់យើង ក្នុងការចាក់វ៉ាក់សាំងជូនពួកគាត់៕
ប្រភព៖ ក្រសួងព័ត៌មាន