សៀងហៃ៖ អាជ្ញាធរក្រុងសៀងហៃនៅថ្ងៃសុក្រនេះ បានប្រកាសរឹតបន្តឹងវិធានការបិទខ្ទប់ក្រុងទ្វេដង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយចាប់ផ្តើមការធ្វើតេស្តទូទាំងទីក្រុង និងជូនដំណឹងដល់ប្រជាជនចំពោះវិធានការបិទខ្ទប់ដែលរយៈពេល ៣សប្តាហ៍នេះ ថានឹងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ នៅពេលលែងមានករណីឆ្លង។នេះបើតាមប្រភពព័ត៌មាន CNA។
យ៉ាងណាមិញ រដ្ឋាភិបាលក្រុងសៀងហៃបានលើកឡើងថា ករណីឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងទីក្រុងកំពុងបង្ហាញ «សញ្ញាវិជ្ជមានវិញ» ហើយស្ថានភាពរស់នៅក្នុងទីក្រុងអាចនឹងវិលមករកភាពប្រក្រតីវិញបានក្នុងពេលឆាប់ៗនេះ ដរាបណាប្រជាជនគ្រប់រូបគោរពតាមវិធានការពារឱ្យបានខ្ចាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
គួរឱ្យដឹងដែរថា ទីក្រុងសៀងហៃ បានចាប់ផ្តើមដាក់ចេញវិធានការបិទខ្ទប់ស្ទើរតែទាំងអស់នៃប្រជាជនចំនួន២៥លាននាក់ ដោយតម្រូវឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅដើមខែមេសា បន្ទាប់ពីការឆ្លងរាលដាលបានចាប់ផ្តើមកើនឡើងបន្តបន្ទាប់៕