កម្ពុជា៖ អ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបបែលទម្ងន់៣០០គីឡូក្រាមចាប់បានក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជាគឺជាត្រីទឹកសាបដ៏ធំបំផុត ដែលត្រូវបានកត់ត្រា។ វាបានបំបែកកំណត់ត្រាចាស់ដែលជាត្រីរាជទម្ងន់២៩៣គីឡូក្រាម ដែលចាប់បាននៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៥។មិនមានការកត់ត្រាជាផ្លូវការឬមូលដ្ឋានទិន្នន័យនៃត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោកនោះទេ។ទន្លេមេគង្គហូរចេញពីខ្ពង់រាបទីបេឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។
លោក Zeb Hogan ដែលជាជីវវិទូដែលដឹកនាំគម្រោងអភិរក្ស Wondersof the Mekong ផ្ដល់មូលនិធិដោយ USAID បាននិយាយថា៖«ក្នុងរយៈពេល២០ឆ្នាំនៃការស្រាវជ្រាវត្រីយក្ស នៅក្នុងទន្លេនិងបឹងនៅលើទ្វីបចំនួនប្រាំមួយ នេះគឺជាត្រីទឹកសាបដ៏ធំបំផុតដែលយើងបានជួបប្រទះ។» លោកដុកទ័រHogan ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Reno ផងដែរនោះ បានបន្តទៀតថា៖ «ការរកឃើញនិងចងក្រងឯកសារត្រីនេះគឺគួរឲ្យចាប់អារម្មណ៍ ហើយជាសញ្ញាវិជ្ជមានដ៏កម្រនៃក្ដីសង្ឃឹមព្រោះវាបានកើតឡើងនៅក្នុងទន្លេមេគង្គ ដែលជាទន្លេដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។»
គម្រោងអភិរក្សនេះធ្វើការជាមួយរដ្ឋបាលជលផលកម្ពុជា ដើម្បីបង្កើតបណ្ដាញអ្នកនេសាទដែលជូនដំណឹងដល់អ្នកស្រាវជ្រាវ ប្រសិនបើពួកគាត់ចាប់បានត្រីយក្ស ឬជិតផុតពូជ។កាលពីយប់ថ្ងៃទី១៣ ខែមិថុនា អ្នកនេសាទម្នាក់នៅឃុំកោះព្រះបានប្រាប់អ្នកស្រាវជ្រាវថាគាត់ចាប់បានត្រីបបែលមួយយ៉ាងធំ ដែលមានប្រវែងពីក្បាលទៅចុងកន្ទុយ ៣.៩៨ម៉ែត្រ និងទទឹងដងខ្លួន២.២ម៉ែត្រ។ បន្ទាប់ពីត្រូវបានកឹបស្លាកលេខ ដើម្បីតាមដានបំលាស់ប្ដូរនាពេលអនាគតរបស់វាត្រីបបែលនេះត្រូវបានគេលែងចូលទៅក្នុងទន្លេវិញ។ លោកដុកទ័រ Hogan បាននិយាយថា វាបានទៅបាត់ក្នុងទឹកទន្លេមេគង្គក្នុងពេលព្រលប់ នៅពេលដែលព្រះចន្ទកំពុងរះឡើងលើមេឃ។ ត្រីនេះត្រូវបានគេដាក់ឈ្មោះឲ្យថា «បូណ៌មី»។ ត្រីបបែលយក្សទឹកសាបនេះគឺជាប្រភេទជិតផុតពូជ៕
ប្រភព: BBC