ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាតអូស្ត្រាលី ចាប់ដៃជាមួយក្រុមហ៊ុន K&K Pipe លើកកម្ពស់សុវត្ថិភាព​ទឹកស្អាតនៅកម្ពុជា! - TrueID

ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាតអូស្ត្រាលី ចាប់ដៃជាមួយក្រុមហ៊ុន K&K Pipe លើកកម្ពស់សុវត្ថិភាព​ទឹកស្អាតនៅកម្ពុជា!

October 31, 2021

ភ្នំពេញ៖ ស្របតាមទស្សនៈវិស័យ «ការទទួលបានទឹកស្អាតនិងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា» និងបង្កើនកិច្ចសហការពង្រីក​ប្រព័ន្ធចែកចាយសម្ភារៈផ្គត់ផ្គង់និងរក្សា​ទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុនTigerWater Solutions  និងក្រុមហ៊ុន K&K Pipe Cambodia បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បី​ជំរុញភាពជាដៃគូបង្កើនផលិ​តផលគ្រ​ប់គ្រងប្រព័ន្ធទឹកស្អាតទៅកាន់ទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយ។ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹក​ថ្ងៃព្រហ​ស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០​២​១​ នៅការិយាល័យក្រុមហ៊ុន K&K Pipe Cambodia

លោកគឹម ប៊ុណ្ណា អគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia Co. Ltd បានលើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរជាការបើកទំព័រមួយថ្មីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។

ទន្ទឹមគ្នានេះដែរ ភាគជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះកើតឡើងបាន ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យនិងឆន្ទៈ​ដូចគ្នា ផ្តោតសំខាន់លើការផលិតនូវផលិតផលទុយោរ PE និងអាងស្តុកទឹកដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់​ក្នុង​​ទីផ្សារប្រទេសកម្ពុជា។

លើសពីនេះទៅទៀតលោកអគ្គនាយកនៃក្រុមហ៊ុន K&KPipe Cambodia សង្ឃឹមថាក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការនាំយកផលិតផលទាំងពីរទៅកាន់ទីផ្សារអន្តរជាតិ។

ស្របគ្នានេះដែរ លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions បានមានប្រសាសន៍ថាលោករីករាយដែលបានចូលរួមជាមួយ K&K Pipe Cambodia ព្រមទាំងជឿជាក់ថាក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាក្នុងការផ្តល់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអូស្ត្រាលីចូលមកប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tiger Water Solutionsជាក្រុមហ៊ុនផលិតធុងទឹកតាមស្ដង់ដារបច្ចេកទេសរបស់ប្រទេសអូស្ត្រាលីនិងចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍។ ក្រមហ៊ុននេះមានបទពិសោធន៍ផលិតធុងត្រងទឹកភ្លៀង ​ផ្គត់ផ្គង់​សម្ភារៈ​​​ទឹ​ក​ស្អាត កសាងអាងស្តុកទឹកតបណ្តាញទឹក កសាងប្រព័ន្ធធារាសាស្ត្រ តភ្ជាប់បណ្តាញអគ្គីសនី ព្រមទាំង​គ្រប់គ្រងកាកសំណល់តាមស្តង់ដារបច្ចេកទេសអន្តរជាតិ។

ចំណែកក្រុមហ៊ុនK&KPipe Cambodia ជាក្រុមហ៊ុនផលិតបំពង់PE និងប្រព័ន្ធបំពង់សម្រាប់ឧស្សាហកម្មទឹកប្រព័ន្ធធារាសាស្រ្ត និងកម្មវិធីឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា។តាមរយៈបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមដែលឧស្សាហកម្មទឹកបានជួបប្រទះ។ក្រុមហ៊ុនបានធ្វើការងារលើវិស័យ​ទឹក​ស្អា​ត​​យ៉ា​ង​សកម្ម សហការជាមួយអតិថិជននិងឧស្សាហកម្មនានា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ទឹក​សុវត្ថិភាព និង​គំនិតច្នៃប្រឌិតថ្មីនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...