អាមេរិក៖ បុរសម្នាក់ ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងចលនាមួយ នៅក្នុងសហគមន៍កណ្តាលរដ្ឋតិចសាស់ ប្រឆាំងនឹងការពាក់ម៉ាស់និងវិធានការបង្ការផ្សេងទៀត ក្នុងកំឡុងពេលមានជំងឺរាតត្បាតសកលបានស្លាប់បាត់បង់ជីវិតហើយ ដោយសារជំងឺកូវីដ១៩ មួយខែ ក្រោយពីលោក ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។
យោងតាមកាសែត San Angelo Standard-Times បានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា លោក Caleb Wallace បានទទួលមរណភាពនៅថ្ងៃសៅរ៍ នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រពន្ធរបស់លោក Caleb ឈ្មោះJessica Wallace នៅលើទំព័រ GoFundMe ដែលនាងបានបង្ហោះព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ប្តីរបស់នាង។ លោក Caleb មានអាយុ ៣០ ឆ្នាំនិងជាឪពុកមានកូន ៣ នាក់។ ហើយបច្ចុប្បន្ននេះ ភរិយារបស់លោក កំពុងមានផ្ទៃពោះជាមួយកូនទីបួនរបស់ពួកគេ។
ជាមួយគ្នានេះ លោកស្រី Jessica Wallace បានសរសេរថា៖ Caleb បានទទួលមរណភាពហើយ។ គាត់នឹងរស់នៅក្នុងបេះដូង និងចិត្តរបស់យើងជារៀងរហូត។
គួររំលឹកដែរថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ Caleb Wallace ធ្លាប់ជួយរៀបចំចលនាមួយ ឈ្មោះថា The Freedom Rally នៅក្នុងទីក្រុងSan Angelo។ ក្នុងការជួបជុំនោះ មនុស្សម្នាជាច្រើន បានកាន់នូវសញ្ញារិះគន់នូវការពាក់ម៉ាស់ការបិទអាជីវកម្មលក់ដូរ វិទ្យាសាស្ត្រនៅពីក្រោយជំងឺកូវីដ១៩និងប្រព័ន្ធផ្សព្វផ្សាយសេរី។ លោកក៏បានបង្កើតក្រុមចលនា ឱ្យឈ្មោះថា The SanAngelo Freedom Defenders ឬ អ្នកការពារសេរីភាពទីក្រុង SanAngelo។
លោក Caleb Wallace ធ្លាប់បាននិយាយថាយើងមិនអាចសប្បាយចិត្តនឹងសភាពបច្ចុប្បន្ន នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ហើយកាលពីខែមេសា លោកក៏ធ្លាប់បានសរសេរសំបុត្រទៅកាន់សាលា San Angelo ដោយទាមទារឱ្យលុបចោលរាល់វិធានការកូវីដ១៩ ទាំងអស់។
Jessica Wallace បានប្រាប់កាសែតមួយថា ប្តីរបស់នាងបានចាប់ផ្តើមមានរោគសញ្ញាកូវីដ ១៩ នៅថ្ងៃទី ២៦ ខែកក្កដា ប៉ុន្តែបានបដិសេធមិនធ្វើតេស្តឬទៅមន្ទីរពេទ្យ។ ផ្ទុយទៅវិញ គាត់បានលេបថ្នាំវីតាមីនសេកម្រិតខ្ពស់ស័ង្កសីអាស្ពីរីន (Zinc Aspirin) និងអ៊ីវឺមេកទីន (Ivermectin)ដែលជាថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតដែលមន្រ្តីបានជំរុញឱ្យប្រជាជនកុំប្រើថ្នាំនេះ ប្រឆាំងនឹងកូវីដ១៩។
Caleb Wallace ត្រូវបាននាំទៅបន្ទប់សង្គ្រោះបន្ទាន់នៅថ្ងៃទី ៣០ ខែកក្កដាហើយចាប់តាំងពីថ្ងៃទី ៨ ខែសីហាគាត់បានសន្លប់ ដោយពពាក់បំពង់ជំនួយដង្ហើម។ មួយថ្ងៃមុនពេលគាត់ស្លាប់ Jessica Wallace បានបង្ហោះនៅលើទំព័រ GoFundMe របស់គ្រួសារថាប្តីរបស់នាង៖ ជាមនុស្សមិនល្អឥតខ្ចោះប៉ុន្តែគាត់ស្រឡាញ់គ្រួសារនិងកូនស្រីតូចរបស់គាត់ជាងអ្វីទាំងអស់។
នាងបានបន្តថា “ចំពោះអ្នកដែលប្រាថ្នាឱ្យគាត់ស្លាប់ខ្ញុំសុំទោសទស្សនៈនិងយោបល់របស់គាត់ធ្វើឱ្យអ្នកឈឺចាប់។ ខ្ញុំបានអធិស្ឋានថាគាត់នឹងចេញពីចំណុចនេះជាមួយនឹងទស្សនៈថ្មីនិងការកោតសរសើរចំពោះជីវិត។ ខ្ញុំមិនអាចនិយាយអ្វីលើសពីនេះទេ ព្រោះខ្ញុំមិនអាចនិយាយជំនួសគាត់បាន”៕
ប្រភព៖ abc10