ភ្នំពេញ៖ ក្រុមហ៊ុន Automobili Lamborghini បានបញ្ចប់ឆ្នាំ ២០២១ ជាមួយនឹងកំណត់ត្រាលទ្ធផលដ៏គួរឱ្យកត់សម្គាល់៖ រថយន្តចំនួន ៨,៤០៥ គ្រឿង ត្រូវបានចែកចាយទូទាំងពិភពលោក ដែលធ្វើឱ្យក្លាយជាឆ្នាំដ៏ល្អបំផុតរបស់ក្រុមហ៊ុនដែលមិនធ្លាប់មានពីមុនមក។ ការលក់បានកើនឡើង ១៣% នៅឆ្នាំ ២០២០ ដោយសារការកំណត់ និងការតាមដានយុទ្ធសាស្រ្តកំណើន។
លោក Stephan Winkelmann ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Automobili Lamborghini បានមានប្រសាសន៍ថា៖
មានកំណើនពីរខ្ទង់នៅក្នុងតំបន់ធំចម្បងទាំងបីកន្លែង ដែលម៉ាកសញ្ញារថយន្ត Lamborghini ត្រូវបានបង្កើតឡើង អាមេរិក (+១៤%) អាស៊ីប៉ាស៊ីហ្វិក (+១៤%) និងEMEA (អឺរ៉ុបមជ្ឈិមបូព៌ា និងអាហ្វ្រិក +១២%)។ ក្រុមហ៊ុនរក្សាចំណែកប្រកបដោយសមតុល្យរវាងតំបន់ទាំងនេះ នៅក្នុងបរិមាណជាសកលពោលគឺ ៣៥%, ២៧% និង៣៩% រៀងៗគ្នា។ ទាក់ទិននឹងទីផ្សារនីមួយៗ សហរដ្ឋអាមេរិកបានឈរនៅលំដាប់កំពូល (លក់បាន ២៤៧២ គ្រឿង, +១១%) ចំណែកឯប្រទេសចិនបានឡើងមកលំដាប់ទីពីរ (លក់បាន ៩៣៥ គ្រឿង, +៥៥%)។ ក្រោយគេ គឺប្រទេសអាល្លឺម៉ង់ (លក់បាន ៧០៦ គ្រឿង, +១៦%) និងចក្រភពអង់គ្លេស (លក់បាន ៥៦៤ គ្រឿង, +៩%)។ ទីផ្សារក្នុងស្រុកសម្រាប់រថយន្ត Lamborghini ក៏មានការកើនឡើងនៃតួលេខផងដែរនៅប្រទេសអ៊ីតាលី ដែលរថយន្តចំនួនសរុប ៣៥៩ គ្រឿងត្រូវបានចែកចាយ(+៣%)។
បើយើងនិយាយពីម៉ូដែលរថយន្ត រថយន្ត Urus Super SUV ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយបានចែកចាយចំនួន ៥,០២១ គ្រឿង។
តាមពីក្រោយនេះ គឺម៉ូដែល Huracán ដែលដំណើរការដោយម៉ាស៊ីន V10 ដោយឃើញមានការកើនឡើងបរិមាណលក់យ៉ាងខ្លាំងរហូតដល់ ២៥៨៦ គ្រឿង ដោយសារកម្លាំងសន្ទុះដ៏ខ្លាំងក្លាដែលផ្តល់ដោយ Huracán STO។
លើសពីនេះទៀត ក៏មានការចែកចាយម៉ូដែល 798 Aventadors (ម៉ូដែល V12) នៅទូទាំងពិភពលោកផងដែរ។
ទស្សនវិស័យអំពីការលក់នៅតែបន្តមានភាពល្អប្រសើរជាវិជ្ជមានក្នុងឆ្នាំថ្មីនេះ ដោយសារបរិមាណបញ្ជាទិញមានយ៉ាងច្រើនដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងលើការផលិត ដែលបានគ្រោងទុកក្នុងឆ្នាំ ២០២២ នេះ។ ផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Lamborghini សម្រាប់ឆ្នាំខាងមុខរួមមាន ផលិតផលថ្មីចំនួនបួនមុខដែលនឹងត្រូវដាក់បង្ហាញក្នុងរយៈពេល ១២ ខែ បន្ទាប់។
លោក Winkelmann បានប្រសាសន៍បន្ថែមថា៖
កាលពីឆ្នាំ ២០២១ ផលិតផលថ្មីចំនួនបីមុខ ត្រូវបានដាក់ឱ្យដំណើរការ HuracánSTO - Super Trofeo Omologata ដែលជាម៉ូដែលរថយន្តយកលំនាំតាមរថយន្តប្រណាំង Huracán Super Trofeo EVO និង GT3 EVO; Aventador Ultimae ដែលជាស៊េរីចុងក្រោយនៃម៉ូដែល Aventador និង Countach LPI 800-4 ដែលជានិមិត្តរូបដ៏អស្ចារ្យបង្ហាញអំពីការរចនាម៉ូតឌីហ្សាញ និងបច្ចេកវិទ្យាទំនើបជឿនលឿនសម្រាប់ប្រារព្ធខួបលើកទី ៥០ នៃរថយន្តស្ព័រ Countach។
បន្ថែមពីលើម៉ូដែលទាំងនេះនៅឆ្នាំ ២០២១ ក្រុមហ៊ុន Lamborghini ក៏បានបង្ហាញពីយុទ្ធសាស្ត្ររថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួនផងដែរ។ “DirezioneCor Tauri” (“Toward Cor Tauri”) គឺជាឈ្មោះមាគ៌ា ដែលនឹងដឹកនាំក្រុមហ៊ុនក្នុងដំណើរលុបបំបាត់កាបូន សម្រាប់ម៉ូដែលនាពេលអនាគតរបស់ខ្លួន និងទីតាំងរោងចក្រ Sant'Agata Bolognese ស្របតាមវិធីសាស្រ្តរួមនៃយុទ្ធសាស្រ្តនិរន្តរភាពបរិស្ថានរបស់ខ្លួន។ នៅក្នុងដំណើរការផលិតរថយន្ដអគ្គិសនីទាំងមូល នឹងមានការផ្តោតជាសំខាន់លើបច្ចេកវិទ្យាកំណត់អត្តសញ្ញាណ និងដំណោះស្រាយដែលអាចធានាបាននូវដំណើរការដ៏ល្អបំផុត និងប្រកបដោយសក្ដានុពលសម្រាប់ការបើកបរ។ យើងនឹងចំណាយប្រាក់ជាង ១,៥ ពាន់លានអឺរ៉ូក្នុងរយៈពេលបួនឆ្នាំ លើការវិនិយោគតាមសម័យកាល ដែលនឹងឃើញ Lamborghini សម្ពោធដាក់លក់ម៉ូដែលហៃប្រ៊ីតដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ និងមានរថយន្តអគ្គិសនីនៅដំណាច់ឆ្នាំ ២០២៤ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបានត្រឹម ៥០% ចាប់ពីឆ្នាំ ២០២៥ តទៅ។ក្រោយមកទៀត ម៉ូដែលរថយន្តអគ្គិសនីពេញលេញទីបួន នឹងត្រូវដាក់បញ្ចូលបន្ថែមទៅក្នុងខ្សែសង្វាក់ផលិតផលនៅពាក់កណ្តាលទីពីរនៃទសវត្សរ៍នេះ៕
ព័ត៌មានអំពី Automobili Lamborghini៖ www.lamborghini.com