កម្ពុជា៖ តាំងពីបុរាណកាលមក ប្រទេសកម្ពុជារបស់យើងបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌារួមមានភាសានិងជំនឿសាសនា ដូចជាព្រហ្មញ្ញសាសនានិងពុទ្ធសាសនា។ជំនឿទាំងអស់នេះបានរក្សាទុកមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ គំនូរជីវចលរបស់ជប៉ុនណារូតុ ក៏បានផ្សារភ្ជាប់ជំនឿទាក់ទងនឹងសាសនាទាំងពីរនេះផងដែរ។
ដូច្នេះហើយទើបគេឃើញមានចំណុចស្រដៀងគ្នាជាច្រើន នៅក្នុងគំនូរជីវចលនេះ ដែលបានបំបែកជាទម្រង់ផ្សេងៗដែលមិនឲ្យដូចគ្នាទាំងស្រុងនៅក្នុងការប្រតិបត្តិរបស់ជីវភាពខ្មែរយើង។អ្វីកាន់តែភ្ញាក់ផ្អើល ប្រាសាទអង្គរវត្តក៏បង្ហាញវត្តមាននៅក្នុងរឿងណារូតុដែលគេដឹងហើយថា ប្រាសាទនេះជាវិមានសាសនាដ៏ធំរបស់ព្រហ្មញ្ញសាសនានិងនៅលើពិភពលោកផងដែរ។
គេឃើញមានជំនឿបុណ្យបាប បាននិម្មិតឡើងនៅក្នុងទម្រង់ជា «កាឡាផ្លូវ៦» (Six Paths Technique) របស់រឿងណារ៉ូតុ ដូចជាផ្លូវទេវតាផ្លូវអសុរ ផ្លូវមនុស្ស ផ្លូវសត្វ ផ្លូវប្រេត និងផ្លូវនរក។ ពាក្យ Chakra (ចក្រា) របស់ណារូតុ ក៏ជាពាក្យដែលស្ថិតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងដែរគឺពាក្យ «ចក្រ»។
មិនតែប៉ុណ្ណោះ Kage ទាំងប្រាំ (មេដឹកនាំនៅក្នុងភូមិឬមេភូមិ)គឺមានពាក់ព័ន្ធនឹងធាតុផ្សេងៗ ដែលជាអ្វីក៏ឃើញមាននៅក្នុងជំនឿពីបុរាណរបស់ខ្មែរយើងដែរដូចជា៖
· Hokage ដែលមានន័យថា ជ្វាលាឆាយា (ស្រមោលភ្លើង)
· Kazekage ដែលមានន័យថា វាយុឆាយា (ស្រមោលខ្យល់)
· Mizukage ដែលមានន័យថា ជលឆាយា (ស្រមោលទឹក)
· Raikage ដែលមានន័យថា វិជ្ជុឆាយា (ស្រមោលរន្ទះ)
· Tsuchikage ដែលមានន័យថា ប្រឹថពី/ភូមិ/ភូឆាយា (ស្រមោលដី)
កែវភ្នែករបស់តួអង្គនៅក្នុងរឿងណារូតុក៏មានអត្ថន័យជាភាសាខ្មែរផងដែរថា៖
· Sharingan មានន័យថា ប្រាតិចក្រានេត្រា
· Rinnegan មានន័យថា សង្សារនេត្រា
· Byakugan មានន័យថា ស្វេតនេត្រា
សរុបមក គំនូរជីវចលជប៉ុន ណារូតុមិនត្រឹមតែផ្ដល់ការកម្សាន្តតែមួយមុខនោះទេ ហើយនៅមានតម្លៃអប់រំនិងចំណុចសំខាន់ជាច្រើនដែលអ្នកតាមដានអាចយកទៅសិក្សាបន្ថែមបានថែមទៀត៕