អាមេរិក៖ យោងតាមការចុះផ្សាយរបស់Sky news បានឱ្យដឹងថាការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យមនុស្សជំុវិញពិភពលោក ជាពិសេសប្រជាជនអាមេរិកនិងអង់គ្លេស នាំគ្នាសម្រុកទៅទិញលេណដ្ឋានក្រោមដីរបស់ក្រុមហ៊ុនVivos ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីជំងឺរាតត្បាតនេះ ដែលក្នុងនោះធ្វើឱ្យតម្លៃលេណដ្ឋាននិងឧបករណ៍ការពារខ្លួនហក់ឡើងខ្ពស់។
ក្នុងចំណោមអ្នកទិញលេណដ្ឋានរបស់Vivosលោក Mary Soulsby ដែលបានផ្លាស់ប្តូរទីលំនៅរបស់ខ្លួនមកនៅក្នុងជម្រកក្រោមដីនេះបានគូសបញ្ជាក់ឱ្យដឹងថា "លោកបានធ្វើការសម្រេចចិត្តមួយនេះឡើង គឺដោយសារតែភរិយារបស់លោកមានការភ័យខ្លាចទៅនឹងការឆ្លងនៃជំងឺកូវីដ១៩ ហើយលោកនិងក្រុមគ្រួសារចង់ចាកចេញឱ្យឆ្ងាយពីមនុស្សរាប់លាននាក់ ដែលកំពុងឆ្លងជំងឺកាចសាហាវនេះ។"
ទន្ទឹមនឹងនេះ លោក Tomក៏បានលើកឡើងថា "ជាងអ្វីៗទាំងអស់ ការការពារសំខាន់ដែលលោកត្រូវការគឺ ធ្វើយ៉ាងណាចេញទៅរស់នៅឱ្យឆ្ងាយពីមនុស្ស ហើយកាលដែលលោកមករស់នៅទីនេះមិនមែនគ្រាន់តែដើម្បីគេចខ្លួនពីរោគរាតត្បាតតែម្យ៉ាងនោះទេ ប៉ុន្តែភាពវឹកវរក្នុងសង្គមដែលកំពុងតែរីករាលដាល ក៏ជាកត្តាដែលជំរុញឱ្យលោកចាកចេញមករស់នៅទីនេះដែរ។"
គួរជម្រាបឱ្យដឹងថា ក្រុមហ៊ុនអាមេរិកVivos បានដាក់ដំណើរការសហគមន៍លេណដ្ឋានដ៏ធំជាងគេបង្អស់នៅលើពិភពលោក ដែលមាន ៤ទីតាំង ស្ថិតក្នុងរដ្ឋIndiana រដ្ឋ Kansas រដ្ឋ South Dakotaនិងនៅប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងជួយប្រជាជន ដែលមានបំណងស្វែងរកទីជម្រកមានសុវត្ថិភាព ដើម្បីគេចខ្លួនឬការពារខ្លួនពីគ្រោះមហន្តរាយនានា ដែលអាចនឹងកើតឡើង ឬសូម្បីតែការគេចខ្លួនពីឥទ្ធិពលនុយក្លេអ៊ែរ។ ក្រុមហ៊ុន Vivosក៏បានបញ្ជាក់ពីការកើនឡើងនៃការលក់លេណដ្ឋានរបស់ខ្លួន ដែលបានកើនចំនួន ៥០០ ភាគរយនិងមានគេសាកសួរជាង ២០០០% ឯនោះ បើប្រៀបនឹងឆ្នាំមុន។ ហើយឥឡូវនេះVivos មានសមាជិកជិតមួយលាននាក់នៅជុំវិញពិភពលោក៕