​គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេច​បាន ៧៣,៧០%ហើយ - TrueID

​គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេច​បាន ៧៣,៧០%ហើយ

May 27, 2022

ភ្នំពេញ៖ ឯកឧត្តម លឹមស៊ីដេនីន រដ្ឋលេខាធិការបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនា។

ការចុះត្រួតពិនិត្យនេះក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (RoadCare Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ(RoadCare Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

ក្នុងដំណើរបេសកកម្មនេះក្រុមការងារអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) នៃអគ្គនាយកដ្ឋានបច្ចេកទេសនិងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈបានបានសិក្សាស្វែងយល់ទៅលើលំហូរការងារបច្ចេកទេស ដែលកំពុងអនុវត្តលើស្រទាប់តួផ្លូវគ្រឹះរង គ្រឹះសំខាន់ Prime Coat កម្រាលបេតុង និងសំណង់សិល្បការ្យមួយចំនួនទៀតផងដែរ។

ជាងនេះទៅទៀតក្រុមការងារក៏បានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន៖ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុងការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះសម្រេចបាន ៧៣,៧០%ហើយ នៅសល់តែការងារដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញាឆ្នាំ២០២៣ខាងមុខ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...