ត្រីប៉ាសាណាក់ បង្ហាញខ្លួនជាថ្មីនៅដងទន្លេមេគង្គកម្ពុជា ក្រោយបាត់វត្តមានជាង ២០ឆ្នាំ - TrueID

ត្រីប៉ាសាណាក់ បង្ហាញខ្លួនជាថ្មីនៅដងទន្លេមេគង្គកម្ពុជា ក្រោយបាត់វត្តមានជាង ២០ឆ្នាំ

December 15, 2022

ស្ទឹងត្រែង៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ត្រី «ប៉ាសាណាក់» ដែលពលរដ្ឋខ្មែរខានបានឃើញវត្តមានរបស់ត្រីនេះតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០០០ បានបង្ហាញមុខកាលពីពេលថ្មីៗនេះជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ហើយត្រូវបានប្រជានេសាទ នេសាទបាន និងអ្នកជំនាញបានជួបប្រទះពេលគេយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។

ត្រីប៉ាសាណាក់ ឬអាចហៅបានថាជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។

ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយឡែកវាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។ យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។

ចំពោះលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសាណាក់វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់នៃទន្លេមេគង្គ។ ត្រីប៉ាសាណាក់ ធ្វើចរាចរណ៍ឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។ ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទមង។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បានដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់។

ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន០៣ប្រភេទ ហើយត្រីប៉ាសាណាក់នេះ ជាពពួកត្រីស ដែលមានន័យថាជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វាត្រលប់មកជម្រកសំខាន់របស់វាវិញ។ សរីរាង្គវិទ្យារបស់ពពួកត្រីស មិនអាចផ្សាំទៅនឹងលក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...