ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុននៃប្រទេសចិន ចំនួន ១លានដូសដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។
វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា និងជើងទី៦ ដឹកមកកម្ពុជាចំនួន ១លានដូស នៅថ្ងៃទី ៨ ខែមិថុនា ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
ប្រភពអត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា