សត្វត្រយ៉ងចង្កំកស ៣៣០ក្បាល ត្រូវបានកត់ត្រា នៅដែនជម្រកសត្វព្រៃសំបូរ ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ - TrueID

សត្វត្រយ៉ងចង្កំកស ៣៣០ក្បាល ត្រូវបានកត់ត្រា នៅដែនជម្រកសត្វព្រៃសំបូរ ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

August 24, 2022

ក្រចេះ៖ ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកត់ត្រាទុកវត្តមានសត្វត្រយ៉ងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ខណៈក្រុមស្រាវជ្រាវបានបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះសម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ។

លទ្ធផលនេះ គឺជាការរាប់សត្វត្រយ៉ងចង្កំកសមានចំនួនច្រើនជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះនៅតំបន់មេគង្គ។ ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយ៉ងចង្កំកសចំនួន ៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។

សត្វត្រយ៉ងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្នភាព នៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។ លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយ៉ងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។

គួរកត់សម្គាល់ផងដែរថាតំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយ៉ងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរ ពោលគឺមានចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...