ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៤-២០ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថាក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន)និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល៖សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °Cនៅបណ្តាខេត្តមួយចំនួន៖ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។
ទន្ទឹមនេះ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °Cនៅបណ្តាខេត្តមួយចំនួន៖ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំណែក តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងអំពាវនាវដល់សាធារណជនជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕