ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ៨រោចខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុនិងរំសាយទៅកាន់មណ្ឌលសុខភាពវិញ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោយពីការរំសាយក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញម្យ៉ាងទៀតក្រុមគ្រូពេទ្យយើងមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩និងការព្យាបាល ដោយសារតែសកម្មភាពជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុមានការថយចុះគួរឱ្យកត់សម្គាល់ទើបយើងសម្រេចរំសាយក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសុខភាពវិញ។ រដ្ឋបាលខេត្តនឹងចងចាំគុណតម្លៃក្រុមគ្រូពេទ្យ ដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុម្យ៉ាងទៀតក្រុមគ្រូពេទ្យបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើង ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាលមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យរបស់យើងទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើងបានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ក្រុមគ្រូពេទ្យរបស់យើងបានបង្កើនការយកចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យនិងបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺនិងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានសម្តែងការសោកស្តាយ និងសមានទុក្ខចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះជាការបាត់បង់នូវធនធានមនុស្សដែលជាវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឧបត្ថម្ភជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ៦២នាក់ក្នុងម្នាក់ៗទទួលបានថវិការចំនួន ១.២០០.០០០ រៀល៕