ហ្សឺណែវ៖ អង្គការសុខភាពពិភពលោកហៅកាត់ (WHO) បាននិយាយថា ខ្លួនកំពុងដាក់ការឃ្លាំមើលវីរុសកូវីដ១៩បំប្លែងប្រភេទថ្មីមានឈ្មោះថា Mu ដែលត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។នេះបើតាមប្រភពព័ត៌មាន CNA។
នៅក្នុងសេចក្តីរាយការណ៍ពីរោគរាតត្បាតប្រចាំសប្តាហ៍ អង្គការ WHO បានលើកឡើងកាលពីថ្ងៃអង្គារ ទី៣១ខែសីហា ថា Mu ឬមានឈ្មោះវិទ្យាសាស្រ្តថា B.1.621 ត្រូវបានចាត់ថ្នាក់ជា «វីរុសបំប្លែងខ្លួន ដែលត្រូវតែផ្តោតការចាប់អារម្មណ៍»។
ស្ថាប័នសុខភាពជាសកលមួយនេះ បានលើកឡើងទៀតថា វីរុសនេះមានធាតុបំប្លែង ដែលបង្ហាញពីសញ្ញាហានិភ័យ ទៅនឹងភាពធន់ជាមួយនឹងវ៉ាក់សាំង ក៏ដូចជាគេចប្រព័ន្ធភាពស៊ាំ និងបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែមានការសិក្សាបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីវីរុសនេះ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានកំណត់អត្តសញ្ញាណវីរុសកូវីដ១៩បំប្លែងថ្មីគួរឱ្យព្រួយបារម្ភ ចំនួន៤ប្រភេទ រួមបញ្ចូលទាំងវីរុសបំប្លែងថ្មី Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និងវីរុសបំប្លែងថ្មីDelta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០។ ដោយឡែក វីរុសបំប្លែងទី៥ ដែលមានឈ្មោះថា Mu កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងការឃ្លាំមើលមួយបន្ថែមទៀត បន្ទាប់ពីត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី នឹងបន្តលេចវត្តនៅបណ្តាប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង និងនៅអឺរ៉ុប៕