ឥណ្ឌូណេស៊ី អនុម័តឱ្យប្រើវ៉ាក់សាំង​កូវីដចំនួន ៥ប្រភេទ សម្រាប់ចាក់ដូសជំរុញ - TrueID

ឥណ្ឌូណេស៊ី អនុម័តឱ្យប្រើវ៉ាក់សាំង​កូវីដចំនួន ៥ប្រភេទ សម្រាប់ចាក់ដូសជំរុញ

January 10, 2022

ចាកាតា៖ ​អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ បាន​សម្រេចអនុម័តឱ្យប្រើក្នុងករណីបន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​ ៥ប្រភេទផ្សេងគ្នា សម្រាប់ចាក់ដូសជំរុញដែលនឹងផ្តល់អាទិភាពដល់ក្រុមមនុស្សងាយរងគ្រោះ។នេះបើតាមប្រភពព័ត៌មាន CNA។

ប្រធានទីភ្នាក់ងារត្រួតពិនិត្យអាហារនិងឱសថរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី Penny Lukito បាននិយាយថា វ៉ាក់សាំង Sinovac, Pfizer, AstraZeneca, Moderna និង Zifivax នឹងត្រូវបានប្រើប្រាស់សម្រាប់ចាក់​ទីបីនៅក្នុងប្រទេស។ លោកស្រីបន្ថែមថាក៏មានវ៉ាក់សាំងមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការធ្វើតេស្តសាកល្បងផងដែរ ដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់។

កម្មវិធីចាក់ដូសជំរុញ គឺនឹងចាក់ជូនប្រជាជន ដែលមានហានិភ័យខ្ពស់​ចាប់ពី ១៨ឆ្នាំឡើងទៅ ពោលគឺមនុស្សចាស់និងក្រុមមនុស្ស​​មានប្រព័ន្ធ​ភាពស៊ាំខ្សោយ​ ដោយចាប់ផ្តើម​ពីថ្ងៃពុធទៅ។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការដូសជំរុញ​ជូនដល់បុគ្គលិកពេទ្យ បានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំមុនមកម៉្លេះ។

គួរឱ្យដឹងដែរថាគិតមកដល់ពេលនេះ ប្រជាជនសរុបចំនួន ១១៦លាននាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ​ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានម្នាក់ចំនួន២ដូស ចេញពីគោលដៅ​កំណត់ដោយរដ្ឋាភិបាល ដែលនឹងចាក់ជូនប្រជាប្រជនដល់ចំនួន ២០៨លាននាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...