កាណាដា៖ សមាជិកសភាក្នុងតំបន់និយាយថាភ្លើងឆេះព្រៃបានឆាបឆេះភូមិមួយអស់៩០ភាគរយ ដែលជាប់កំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មានរបស់ប្រទេសកាណាដា។លោក Brad Vis បាននិយាយថា អគ្គិភ័យនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ភូមិ Lytton ក្នុងខេត្ត British Columbia និងជុំវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
លោក Jan Polderman ជាមេភូមិ Lytton បានប្រាប់សារព័ត៌មាន BBCថា គាត់ពិតជាសំណាងណាស់ ដែលបានរួចផុតជីវិត។គាត់និយាយថា៖ «មិនមានអ្វីសេសសល់នៅក្នុងភូមិ Lyttonទេ។ អគ្គិភ័យឆាបឆេះគ្រប់កន្លែង។»
មុននេះលោក Polderman បានបញ្ជាឲ្យប្រជាជនជម្លៀសចេញដោយនិយាយថាអណ្ដាតភ្លើងបានរាលដាលពាសពេញភូមិ ក្នុងរយៈពេលតែ១៥នាទីប៉ុណ្ណោះ។ក្នុងសប្ដាហ៍នេះ ភូមិមួយនេះមានសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រទេសគឺ៤៩.៦អង្សាសេ។ ខេត្ត British Columbia នៅភាគខាងលិចប្រទេសកាណាដា មានអ្នកស្លាប់ចំនួន៤៨៦នាក់ក្នុងរយៈពេល៥ថ្ងៃ បើប្រៀបធៀបចំនួនមធ្យម១៦៥នាក់ ក្នុងពេលធម្មតា៕
ប្រភព: BBC