ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរតាមសមុទ្រ ដោយតាមរយៈការព្យាករនិងឧតុនិយម ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែធ្នូ គឺនឹងអាចមានខ្យល់ និងរលកសមុទ្រធំ ដែលអាចបង្ករហានិភ័យដល់ការធ្វើដំណើរនៅតាមសមុទ្រ។
លោក គួច ចំរើន បានប្រកាស ឱ្យអ្នកដែលមានការពាក់ព័ន្ធយកចិត្តទុកដាក់ផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាប្រជានេសាទទាំងអស់ រួមទាំងអ្នកទេសចរ និងប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមទូក តាមកាណូត បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវតាមដានស្ថានភាពជាក់ស្តែងបើសិនជាដូចការព្យាករនេះ មិនគួរនឹងមានការធ្វើដំណើរ ពិសេសនៅល្ងាចថ្ងៃទី១៧ពេញមួយថ្ងៃទី១៨ និងនៅព្រឹកថ្ងៃទី១៩ នោះឡើយ។
អភិបាលខេត្តព្រះសីហនុបន្ថែមថា អ្នកដែលមានការចាំបាច់គឺសូមបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន ការទទួលខុសត្រូវកម្រិតខ្ពស់។ ហើយអ្នកដែលមានការពាក់ព័ន្ធនឹងបញ្ហាទូកកាណូត គឺសូមឱ្យមានការត្រួតពិនិត្យ។ការធ្វើដំណើរ គឺត្រូវឱ្យមានពោងសុវត្ថិភាព ឱ្យបានគ្រប់គ្រាន់ ចំពោះអ្នកនៅលើទូក។ដូច្នេះសូមឱ្យមានការយកចិត្តទុកដាក់ឱ្យបានល្អប្រសើរទាំងអស់គ្នាការពារសុខសុវត្ថិភាពជូនដល់អ្នកដំណើរទាំងឡាយ នៅក្នុងផ្លូវសមុទ្រ៕