ឥណ្ឌា៖ នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ទៅ ៤០១,៩៩៣នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ខណៈមនុស្សចំនួន ៣,៥២៣នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត។
តែទោះជាយ៉ាងណា អ្នកជំនាញជាច្រើនសង្ស័យថា ដោយសារធ្វើតេស្ដមិនបានអស់និងកត់ត្រាចំនួនអ្នកស្លាប់មិនបានត្រឹមត្រូវ ដូច្នេះចំនួនអ្នកឆ្លង និងស្លាប់ពិតប្រាកដមានច្រើនជាងនេះ។
ហើយការផ្ទុះឡើងថ្មីយ៉ាងគំហុកនេះ បន្ទាប់ពីអាជ្ញាធរឥណ្ឌាបានកាត់បន្ថយការដើរល្បាតនិងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពជាច្រើននៅដើមឆ្នាំ បន្ទាប់ពីមើលឃើញថាករណីឆ្លងបានធ្លាក់ចុះក្រោម១ម៉ឺននាក់ក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ការប្រមូលផ្ដុំគ្នាធ្វើពិធីសាសនាធំៗជាច្រើននិងការឃោសនានយោបាយជាដើម ត្រូវបានអនុញ្ញាត ទោះបីចំនួនករណីឆ្លងចាប់ផ្ដើមកើនឡើងយ៉ាងខ្លាំងនៅចុងខែមីនាក៏ដោយ។
ជាលទ្ធផល ដោយគិតតែចំពោះខែមេសាកន្លងទៅឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងថ្មីប្រមាណ ៧លាននាក់ឯណោះ ខណៈបច្ចុប្បន្នមានចំនួនឆ្លងសរុបប្រមាណ១៩.១លាននាក់ និងស្លាប់ជាង ២១ម៉ឺននាក់៕
ប្រភព៖ CNA
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload