នីហ្សេរីយ៉ា៖កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ កូនប្រុសរបស់ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ាឈ្មោះថា Yusuf អាយុ២៧ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីអាយុ១៩ឆ្នាំរបស់មេដឹកនាំសាសនាដ៏លេចធ្លោម្នាក់ប្រចាំប្រទេសដែលប្រារព្វធ្វើឡើងដោយសាមញ្ញនៅឯសណ្ឋាគារផ្កាយប្រាំ ក្នុងទីក្រុង Abuja ហើយមានភ្ញៀវមួយចំនួនធំ បានធ្វើដំណើរមកចូលរួមកម្មវិធី ដោយជិះនូវយន្ដហោះខ្នាតតូចឯកជនផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាអាពាហ៍ពិពាហ៍រវាងគ្រួសារប្រធានាធិបតី និងគ្រួសារសាសនា គឺមិនធ្លាប់មានពីមុនឡើយក្នុងប្រទេសនីហ្សេរីយ៉ាហើយខាងកូនកំលោះបានចំណាយប្រាក់ចំនួន៥០០,០០០ណៃរ៉ាប៉ុណ្ណោះ (ប្រមាណ១,២១៤ដុល្លារអាមេរិក)ជាថ្លៃបណ្ដាការ។ ទន្ទឹមនឹងនេះដែរ ភ្ញៀវម្នាក់ៗ ត្រូវបានផ្ដល់ជូននូវកាដូដូចជាជាទូរសព្ទiPhone ស៊េរីចុងក្រោយបង្អស់ iPad និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃថ្លៃផ្សេងៗទៀត។
យ៉ាងណាមិញ បើទោះជាភ្ញៀវច្រើនកុះករយ៉ាងណាក៏ដោយក៏គេមិនភ្លេចចំពោះការការពារខ្លួនពីជំងឺកូវីដ-១៩ដែរ ដោយមានការត្រួតពិនិត្យ រក្សាអនាម័យ និងពាក់ម៉ាស់ការពារផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖