បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធនេះថា ហានិភ័យដែលបង្កឡើងដោយវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) នៅតែមានកម្រិតខ្ពស់ណាស់ បន្ទាប់ពីចំនួនករណីឆ្លងកូវីដ១៩ បានកើនឡើង ១១ភាគរយនៅទូទាំងពិភពលោក កាលពីសប្តាហ៍មុន។ នេះបើតាមប្រភពព័ត៌មាន CNA។
នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍អំពីកូវីដ១៩អង្គការសុខភាពពិភពលោកគូសបញ្ជាក់ថា វីរុស Omicron គឺស្ថិតនៅពីក្រោយការរីករាលដាលយ៉ាងឆាប់រហ័សនៅបណ្តាប្រទេសជាច្រើន រួមទាំងប្រទេសដែលធ្លាប់មានករណីឆ្លងវីរុសប្រភេទ Delta ខ្លាំងជាងពីមុនមក។
ទន្ទឹមនោះ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ (UN) ក៏បានលើកឡើងថាហានិភ័យជារួម ទាក់ទងនឹងវីរុសបំប្លែងថ្មី Omicron នៅតែមានកម្រិតខ្ពស់។ កំណើនឡើនៃករណីឆ្លងយ៉ាងឆាប់រហ័ស ទំនងដោយសារតែការធ្លាក់ចុះនៃប្រព័ន្ធភាពសុំាក៏ដូចជាការបង្កើនសមត្ថភាពចម្លងរបស់វីរុសនេះផ្ទាល់តែម្តង។
ទោះជាយ៉ាងណាក៏ដោយ WHO បានគូសបញ្ជាក់ពីការថយចុះ ករណីឆ្លងនៅអាហ្រ្វិកខាងត្បូងដល់ទៅ ២៩ភាគរយ ដែលជាប្រទេសបានរាយការណ៍ពីវីរុសថ្មីនេះដំបូងគេ ទៅកាន់ WHOកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា៕