ភ្នំពេញ៖ មកដល់ពេលនេះ ក្រុមហ៊ុនភោជនីយដ្ឋានបាយ័ន បានដំណើរការ Frenchise អូនគុយទាវ បានចំនួន៤សាខាហើយ ដោយអូនគុយទាវសាខាទី៤ ក៏ទើបបង្ហាញខ្លួននៅសែនសុខ។ អ្វីដែលលេចឮមក គឺម៉ាកយីហោមួយនេះ បានសម្រេចផ្អាកលក់ Frenchise សម្រាប់ឆ្នាំ២០២២ នេះហើយ ដោយមានដំណឹងថា ក្រោយពីបើកបាន៤សាខាដូចដែលឃើញគឺ សាខាថ្មីៗចំនួន១៤ផ្សេងទៀត ត្រូវបានគេទិញយកបាត់ហើយ ដោយទីតាំងខ្លះក៏កំពុងរៀបចំបង្ហាញខ្លួន។ ប្រសិនបើការលើកឡើង គឺជារឿងពិតគឺមានន័យថា អ្នកចង់បើកជំនួញលក់គុយទាវ និងមីគាវ យីហោអូនទាវ គឺទំនងត្រូវចាំដល់ឆ្នាំ២០២៣ ឬរង់ចាំដល់ក្រុមហ៊ុននេះ ប្រកាសពីការបន្តលក់សិទ្ធិវិញទើបអាចទៅរួច។
ឆ្លើយតបនឹងការទម្លាយចេញខាងលើ លោកស្រី ថេ ដាឡែន ម្ចាស់ប្រេនអូនគុយទាវ បានទទួលស្គាល់ថា លោកស្រីពិតជាសម្រេចចិត្តផ្អាកលក់សិទ្ធិអូនគុយទាវមួយ ទៅអោយអតិថិជនមែន ដោយសារតែប្រេនដែលទើបតែបង្កើតឡើងមួយនេះ មានអតិថិជនទិញយកអស់១៤សាខាបន្ថែមទៀតបាត់ហើយ ក្រោយពីបើកបាន៤សាខា ទើបលោកស្រីសម្រេចចិត្តឈប់លក់ ដើម្បីទុកច្រកអោយ១៤សាខា ដែលទើបកុងត្រា បានលេចរូបរាងសិន។
លោកស្រីថា ក្រោយពីប្រកាសលក់សិទ្ធប្រេនអូនគុយទាវ លក់ដាច់បាន១៤សាខាក្នុងឆ្នាំ២០២២ នេះ ដោយសាខាថ្មីដែលមានការទិញផ្ដាច់ទាំង១៤នេះ គឺសុទ្ធតែជាគម្រោងនៅភ្នំពេញ ដែលតម្រូវអោយលោកស្រីផ្អាកលក់សិទ្ធិនៅភ្នំពេញ នៅឆ្នាំ២០២២ នេះ ដោយនៅតែនៅលក់សិទ្ធិសម្រាប់បណ្ដាខេត្តប៉ុណ្ណោះ។
លោកស្រីបន្តថា សម្រាប់ទីតាំងនៅភ្នំពេញ អូនគុយទាវផ្អាកលក់ ប៉ុន្តែសម្រាប់សាខានៅខេត្ត គឺនៅតែពិចារណា ដើម្បីពង្រីកអោយកាន់តែល្បី។ លោកស្រីថាក្នុងមួយឆ្នាំគឺមានជាង១០សាខានៅភ្នំពេញ គឺជារឿងសមល្មម ហើយលោកស្រីក៏មានមោទនភាពផងដែរ ដែលប្រេនអូនគុយទាវ ដែលជាប្រភេទគុយទាវ និងមីគាវដ៏ល្បីប្រចាំភោជនីយដ្ឋានបាយ័ន ទទួលបានការគាំទ្រដល់ម្លឹងត្រឹមតែរយៈពេលជាង៤ខែ ដោយមាន៤សាខាលេចរូបរាងជាស្រេច និង មាន១៤សាខាផ្សេងទៀត ត្រូវបានទិញសិទ្ធិបន្តដំណើររួចរាល់បែបនេះ។ ភាពរីកចំរើនលឿនស្លេវនេះ គឺដោយសារតែអូនគុយទាវ គឺក្រៅពីក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំ ទឹកស៊ុប លោកស្រីក៏ជាអ្នករ៉ាប់រងលើការផ្ដល់បុគ្គលិក និងការលក់អោយផងដែរ ដោយអ្នកទិញសិទ្ធិចាំតែមើលបញ្ជីកើបលុយប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អូនគុយទាវទាំង៤សាខា ដែលបានបើកដំណើរការហើយរួមមានសាខានៅទីតាំងលើផ្លូវជាតិលេខ១ បុរីប៉េងហួតបឹងស្នោ ទីតាំងលើផ្លូវជាសុផារ៉ា ខាងមុខភោជនីយដ្ឋានបាយ័ន ទីតាំងនៅលើផ្លូវព្រៃស ជិតស្តុបសាលាកសិកម្ម និងទីតាំងនៅខាងមុខភោជនីយដ្ឋានបាយ័នសែនសុខ។ សាខាបន្តបន្ទាប់របស់អូនគុយទាវ ក៏បានគេបង្ហើបថា កំពុងត្រៀមរៀបចំបង្ហាញខ្លួនអោយបានកាន់តែច្រើនផងដែរនៅភ្នំពេញ៕