ម៉ានីល៖មន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន បានប្រកាសនៅថ្ងៃសុក្រនេះថា ហ្វីលីពីនរកឃើញករណីឆ្លងជាលើកដំបូងនៃជំងឺអុតស្វា នៅលើពលរដ្ឋម្នាក់ ដែលបានធ្វើដំណើរត្រឡប់មកពីបរទេស កាលពីដើមខែកក្កដា។នេះបើតាមប្រភពព័ត៌មាន Retuers។
អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រី Beverly Ho បានគូសបញ្ជាក់ថា អ្នកជំងឺវ័យ ៣១ឆ្នាំរូបនេះធ្លាប់បានធ្វើដំណើរទៅ បណ្តាប្រទេសដែលមានករណីជំងឺអុតស្វា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឱ្យចំ ថាមានប្រទេសណាខ្លះឡើយ។ ជាមួយគ្នានេះ មនុស្សចំនួន ១០នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធ ក៏តម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ ទោះមិនឃើញបង្ហាញរោគសញ្ញាសង្ស័យណាមួយក្តី។
គួរឱ្យដឹងដែរថាគិតមកដល់ពេលនេះ ជំងឺអុតស្វាត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៧០មកហើយនៅទូទាំងពិភពលោកខណៈករណីឆ្លងបន្តកើនឡើងដល់ទៅ ២០,៣០០នាក់។ កាលពីថ្ងៃសៅរ៍កន្លងទៅ អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះជំងឺនេះ ជាភាពអាសន្នសុខភាពពិភពលោក៕