ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាម ប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាមបានកត់ត្រាករណីវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង(Omicron) ជាលើកដំបូង លើកមនុស្សម្នាក់ដែលធ្វើដំណើរពីចក្រភពអង់គ្លេស ហើយចូលមកដល់ទីក្រុងហាណូយ។ នេះបើតាមប្រភពព័ត៌មាន vnexpress ។
អ្នកឆ្លងជំងឺ បានចុះចតនៅអាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ នៅថ្ងៃទី ១៩ ខែធ្នូ ហើយធ្វើតេស្តឃើញមានផ្ទុកកូវីដ១៩និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគ ១០៨ ភ្លាមៗ។ យ៉ាងណាមិញ តាមលទ្ធផលវិភាគសំណាកនៅថ្ងៃទី ២០ ខែធ្នូ និងថ្ងៃទី ២១ ខែធ្នូ បានបញ្ជាក់ថា មនុស្សនោះឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងឬ B.1.1.529 ។
គួររម្លឹកថា វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាលើកដំបូងបង្អស់នៅចុងខែវិច្ឆិកា ហើយមកដល់ពេលនេះវាបានឆ្លងរាលដាលដល់បណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក៕