ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំពោះការរំខានចរាចរណ៍នៅតាមផ្លូវមួយចំនួន អំឡុងពេលកម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាសប្តាហ៍ក្រោយ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំ សម្របសម្រួល និងបញ្ជៀសចរាចរណ៍នេះ គឺដើម្បីធានាសុវត្ថិភាពជូនគណៈប្រតិភូជាតិនិងអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយនោះ សំដៅធ្វើយ៉ាងណាកុំឱ្យស្ទះចរាចរណ៍ ឬរហូតទៅដល់ការបង្កឱ្យមានបញ្ហាជាមួយនឹងភ្ញៀវ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្ត គួរគប្បីទៅទស្សនាកម្សាន្តនៅតាមបណ្ដាខេត្តនានា ដើម្បីជៀសវាងបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញជាដើម។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះបីមិនមានការហាមឃាត់នៅតាមផ្លូវទាំងអស់ក៏ពិតមែន តែច្បាស់ជាមានការបិទផ្លូវបណ្ដោះអាសន្ន រាល់ពេលមានការធ្វើដំណើររបស់គណៈប្រតិភូជាតិនិងអន្តរជាតិ៕