សេអ៊ូល៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ ហៅកាត់ (KDCA) បានប្រកាសកាលពីថ្ងៃអង្គារទី៣ ខែសីហា ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ Delta Plus ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៤នៃការឆ្លងរាលដាលទូទាំងប្រទេស។ នេះបើតាមប្រភពព័ត៌មាន CNA។
វីរុស DeltaPlus គឺចេញពីពូជវីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាហើយមានកំឡាយសរសៃប្រូតេអ៊ីនឈ្មោះ K417N ដែលកំឡាយនេះក៏ត្រូវបានគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta ផងដែរ។
បើតាមប្រភពព័ត៌មាន Reutersក៏បានឱ្យដឹងដែរថាករណីឆ្លងទី១ នៅកូរ៉េខាងត្បូង គឺត្រូវបានរកឃើញទៅលើបុរសម្នាក់ មានអាយុ ៤០ឆ្នាំ ដែលមិនមានកំណត់ត្រាធ្វើដំណើរចេញទៅក្រៅប្រទេសសោះនៅពេលថ្មីៗនេះ ហើយក្នុងនោះ ប្រភពនៃការឆ្លងរាលដាល់ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕
មន្រ្តី KDCA បានប្រាប់សន្និសីទខ្លីមួយថា លទ្ធផលតេស្តទៅលើមនុស្សប្រហែល ២៨០នាក់ ដែលមានទំនាក់ទំនងជាមួយបុរសនោះ គឺមានតែកូនប្រុសរបស់គាត់ម្នាក់ប៉ុណ្ណោះ ដែលមានវិជ្ជមាន ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើកូនប្រុសរបស់គាត់ ឆ្លងវីរុសប្រភេទ Delta Plus ដែរ ឬក៏យ៉ាងណា។ ដោយឡែក ករណីទី២ ត្រូវបានរកឃើញលើអ្នកដំណើរម្នាក់ ដែលត្រឡប់មកពីសហរដ្ឋអាមេរិក ហើយបុគ្គលនោះ ក៏បានចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ដូស រួចទៅហើយ មុនពេលធ្វើដំណើរ។
តាមរបាយការណ៍បញ្ជាក់ថា ករណីឆ្លងវីរុសបំប្លែងខ្លួន Delta Plus គឺមានតិចតួចណាស់ ដែលរហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនតូចប៉ុណ្ណោះ រួមបញ្ចូលទាំងអង់គ្លេស ព័រទុយកាល់ និងឥណ្ឌា បានរាយការណ៍ករណីឆ្លងមួយចំនួន នៃរីរុសប្រភេទនេះ៕