អណ្តើកហ្លួងជាង ២០០ក្បាល ទទួលបានការចិញ្ចឹមថែទាំ ដោយមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង - TrueID

អណ្តើកហ្លួងជាង ២០០ក្បាល ទទួលបានការចិញ្ចឹមថែទាំ ដោយមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

November 11, 2021

កោះកុង៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលពិនិត្យសុខភាពអណ្តើកហ្លួងប្រចាំឆ្នាំកាលពីថ្ងៃទី ៩ - ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យសុខភាពអណ្តើកហ្លួងចំនួនមួយភាគបីក្នុងចំណោមអណ្តើកហ្លួង ២០៥ក្បាលនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

ក្រុមការងារបានធ្វើការជ្រើសរើសអណ្តើកចេញពីក្រុមដែលមានអាយុខុសៗគ្នា និងយកឈាមមកវិភាគរកមើលចំនួនគ្រាប់ឈាមនិងបរិមាណប្រូតេអ៊ីនសរុបក្នុងខ្លួនពួកវា ដើម្បីឱ្យប្រាកដថាអណ្តើកទាំងនោះមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងអាចបន្តពូជបាន។ លទ្ធផលនៃការធ្វើតេស្តឈាម បានបង្ហាញថា អណ្តើកហ្លួងដែលបានពិនិត្យទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៉ីនខ្ពស់សម្រាប់ការបន្តពូជ។

បច្ចុប្បន្ន មានអណ្តើកហ្លួងចំនួន ២០៥ក្បាលកំពុងទទួលបានការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អណ្តើកហ្លួងទាំងនេះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ប្រមូលយកពីឆ្នេរខ្សាច់ពងកូនតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងក្រោយពេលពួកវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកបញ្ជូនមកកាន់មជ្ឈមណ្ឌលនេះដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥៕

រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
រូបភាព៖ WCS Cambodia
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...