បាត់ដំបង៖ ចាប់ពីថ្ងៃទី២៥ ខែតុលា មន្រ្តីសុខាភិបាល និងអាជ្ញាធរក្រុងស្រុកបាននាំយកបងប្អូនប្រជាពលរដ្ឋមានជំងឺកូវីដ១៩កំរិតស្រាលទៅព្យាបាលរួមគ្នានៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មី ស្ថិតនៅភូមិ អូរកណ្តាល ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលទ្ធភាពផ្ទុកអ្នកជំងឺជិត២០០០គ្រែ។
ទីតាំងថ្មីនេះមានទីធ្លាធំទូលាយ ដោយមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកន្លែងស្នាក់នៅ និងបន្ទប់ព្យាបាលជាប្រចាំរបស់ក្រុមគ្រូពេទ្យជាដើម។ ការបញ្ជូននេះ ដើម្បីទុកទីតាំងមណ្ឌលព្យាបាលនៅក្នុងសាលារៀនទាំងនោះ រៀបចំសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បើកបវេសនកាល ដល់សិស្សឱ្យចូលរៀនឡើងវិញទាំងអស់ នាពេលខ្លីខាងមុខ។ ដោយឡែក អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ ត្រូវបញ្ជូនដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
បន្ថែមពីនេះ អ្នកជំងឺកូវីដ១៩កម្រិតស្រាល រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាល ក៏បានអនុញ្ញាតិឱ្យសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងផងដែរ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យទីតាំងព្យាបាលនៅលំនៅឋានរបស់អ្នកជំងឺថាតើមានបន្ទប់ដាច់ដោយឡែកប្ញទីតាំងធំទូលាយ អាចព្យាបាលដាច់ដោយឡែក ទើបអាចអនុញ្ញាតិ។ប្រសិនទីតាំងចង្អៀត រស់នៅមួយបន្ទប់រួមគ្នា គឺមិនអនុញ្ញាតិនោះទេ។
មន្រ្តីសុខាភិបាលខេត្តបានឱ្យដឹងថាអ្នកជំងឺកូវីដ១៩ដែលត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលថ្មីនៅស្រុកសំពៅលូននេះមានមកពីមណ្ឌលព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះមន្នីវង្ស វិទ្យាល័យសម្តេចឪ ក្នុងក្រុងបាត់ដំបង និងស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកឯកភ្នំស្រុករតនមណ្ឌល ស្រុកសំពៅលូន និង ស្រុកកំរៀង៕