ខេត្តក្រចេះ៖ទីបំផុត តុលាការសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួន និងចោទប្រកាន់ លោក ទេព ហ៊ុយដែលជាមេប៉េអឹមក្រុងក្រចេះ និងបក្ខពួកហើយ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តក្រចេះ។
បើតាមសេចក្តីប្រកាសព័ត៍មាននោះនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុគ្គលឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំជាមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ត្រូវបានតុលាការចោទប្រកាន់ចំនួន បីបទល្មើស៖ ១.ទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ២.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ៣.គំរាមកំហែងថានឹងសម្លាប់តាមបញ្ញតិ្តមាត្រា ២១១, ២១៩,២៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកឯបក្ខពួកលោក ទេព ហ៊ុយ ឈ្មោះ គឹម សុវណ្ណវិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ វុធភេទប្រុស ត្រូវបានតុលាការចោទប្រកាន់ពី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះតាមបញ្ញត្តិមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីទទួលបានសំណុំរឿងខាងលើចៅក្រមស៊ើបសួរបានចាត់ការតាមនិតិវិធី និងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទនិងបក្ខពួកខាងលើ តាមដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តក្រចេះដើម្បីបន្តការស៊ើបសួរបន្ថែម។
សូមរំលឹកផងដែរថា លោកស្រី ឈិន សុខឃឿន ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថាលោកស្រីមានការតក់ស្លុតជាខ្លាំង ពេលដែលកូនស្រីដែលទើបមានអាយុ១២ឆ្នាំជាឈ្នួលបម្រើនៅផ្ទះលោក ទេព ហ៊ុយ ប្រាប់ថា លោក ទេព ហ៊ុយបានបញ្ជាអោយកូនចៅប្រើអំពើហិង្សា យកកៅអីវាយក្បាល អោយដេកឱបផ្នូរសត្វឆ្កែ និងបង្ខំអោយស៊ីលាមកឆ្កែ ថែមទៀត គ្រាន់តែរឿងឆ្កែងាប់ ប៉ុណ្ណោះ ។
តាមប្រភពព័ត៍មាន ម្តាយក្មេងស្រីរងគ្រោះ បានបន្តថា មេប៉េអឹមក្រុងក្រចេះលោក ទេព ហ៊ុយ បានយល់ព្រមបង់ប្រាក់ចំនួន២០លានរៀល ដើម្បីបញ្ចប់បញ្ហានេះ ។ លុះក្រោយមកលោក ហ៊ានផ្តល់អោយដល់ចំនួន២ម៉ឺនដុល្លារ តែលោកស្រីមិនព្រមទទួលនោះទេដោយបានប្តឹងផ្តល់រួចរាល់អស់ហើយ ។
ដោយឡែក ក្មេងស្រីរងគ្រោះវិញ និយាយថាមូលហេតុដែលនាងបានជ្រមុជសត្វឆ្កែដល់ងាប់ ព្រោះតែកូនស្រីពៅរបស់ លោក ទេព ហ៊ុយជេរប្រមាថ នាងថាពូជមីឆ្កែ។ ទាក់ទិននឹងរឿងនេះដែរ មហាជនជាច្រើន បានសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាដកតួនាទី លោក ទេព ហ៊ុយ ដោយទង្វើរបស់លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវបានគេចាត់ទុកថា ជាអំពើឃោរឃៅ អសីលធម៌ និង ថោកទាបបំផុត មិនសាកសមធ្វើជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ទៀតឡើយ ៕