អាហ្វ្រិកខាងត្បូង៖ អាចចាត់ទុកថាជារឿងដ៏ភ្ញាក់ផ្អើលនិងស្ទើរតែមិនគួរឲ្យជឿមួយ បន្ទាប់ពីស្ដ្រីវ័យ៣៧ម្នាក់ ឈ្មោះ GosiameThamara Sithole អះអាងថានាងទើបបានសម្រាលកូនភ្លោះរហូតដល់ទៅ ១០នាក់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Pretotia នៃប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃចន្ទកន្លងទៅ។
ជុំវិញរឿងរ៉ាវខាងលើនេះ លោក TebogoTsotetsi ដែលត្រូវជាស្វាមីបានប្រាប់សារព័ត៌មានមួយថា នៅពេលឆ្លុះអេកូលើកដំបូងគ្រូពេទ្យបានប្រាប់ប្រពន្ធគាត់ថា នាងកំពុងពរពោះកូនភ្លោះចំនួនត្រឹមតែ ៦នាក់ប៉ុណ្ណោះប៉ុន្ដែនៅពេលឆ្លុះអេកូពេលបន្ទាប់ទៀត វាបានកើនឡើងដល់ ៨នាក់ ហើយទីបំផុតនៅពេលសម្រាលដោយការវះកាត់ក៏ស្រាប់តែរកឃើញ ២នាក់បន្ថែមទៀត។ លោកបានបញ្ជាក់ដែរថា កូនភ្លោះទាំង ១០នោះរួមមានប្រុស ៧នាក់ និងស្រី ៣នាក់ ហើយរយៈពេលនៃការពរពោះគឺ ៧ខែ ៧ថ្ងៃ។
ទន្ទឹមនឹងនេះ ស្ថានភាពទារកក្រោយពេលសម្រាលយ៉ាងណានោះមិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់ទេ ប៉ុន្ដែជាធម្មតាសុខភាពទារក ដែលមានចំនួនច្រើនស្ថិតនៅក្នុងផ្ទៃតែមួយបែបនេះ ច្រើនតែកើតមិនគ្រប់ទម្ងន់ហើយជារឿយៗអាចខ្វះអាហាររូបត្ថម្ភផងដែរ។
គួរឲ្យដឹងដែរថា នាង Sithole នឹងអាចក្លាយជាស្ដ្រីសម្រាលបានកូនភ្លោះច្រើនជាងគេបំផុតនៅលើពិភពលោកប្រសិនបើមានការបញ្ជាក់ពីវេជ្ជបណ្ឌិត ខណៈកាលពេលពីជាង ១ខែមុនមានស្ដ្រីជនជាតិម៉ាលីម្នាក់ឈ្មោះ Halima Cisse សម្រាលបានកូនភ្លោះចំនួន ៩នាក់៕
ប្រភព៖ Daily Mail