បាងកក៖ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ តិចជាង១០,០០០ករណីចំនួន ៤ថ្ងៃជាប់ៗគ្នា ខណៈពេលដែលចំនួនអ្នកស្លាប់ថយចុះទាបបំផុត ចាប់តាំងពីដើមខែមីនា។នេះបើតាមប្រភពព័ត៌មាន Bangkok Post។
ក្នុងរបាយការណ៍បានឱ្យដឹងថា រយៈពេល២៤ម៉ោង ប្រទេសថៃកត់ត្រាករណីឆ្លង ៩,៧៩០ករណី ខណៈកាលពីថ្ងៃពុធ រកឃើញចំនួន ៩,២៨៨ករណី។ ជាមួយគ្នានោះដែរ ១៧,១០៩នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
គួរបញ្ជាក់ថាគិតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៣០០,៦១៤នាក់ ស្លាប់សរុប ២៨,៩១៤នាក់ និងជាសះស្បើយសរុប ៤,១៧០,៤១៩នាក់៕