កោះកុង៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា តាមសេចក្តីរាយការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា មានសាស្ត្រចារ្យ ៩ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩តាមរយៈតេស្តរហ័ស នៅក្នុងចំណោមសាស្ត្រចារ្យជាង ៨ពាន់នាក់ ដែលឡើងមករាជធានីភ្នំពេញដើម្បីធ្វើកំណែវិញ្ញាប្រឡងបាក់ឌុប។
ក្នុងនោះដែរ ពេលនេះ សាស្ត្រចារ្យទាំង៩ នាក់នោះ ត្រូវបានដាក់ឱ្យដាច់ដោយឡែក និងបន្តពិនិត្យតាមដានបន្ថែមទៀត។ បន្ថែមពីនេះសម្តេចតេជោ បានឱ្យដឹងទៀតថា នៅពេលប្រឡងបាក់ឌុប មានសិស្សចំនួន៣ នាក់ប៉ុណ្ណោះដែលរកឃើញឆ្លងជំងឺកូវីដ១៩ ហើយក៏ត្រូវបានដាក់ឱ្យប្រឡងនៅកន្លែងព្យាបាលជំងឺកូវីដ១៩៕