ព្រះសីហនុ៖ ថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូនិងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុបន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។
រូបសំណាកព្រះស្កន្ទគង់លើក្ងោកគឺជារូបសំណាកទី៤បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការនៅលើទឹកដី នៃខេត្តព្រះសីហនុ ហើយបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។
សូមជម្រាបជូនថារូបសំណាកព្រះស្កន្ទគង់លើក្ងោក ធ្វើពីស្ពាន់ទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិលព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មានកម្ពស់សរុបប្រមាណ១៤ម៉ែត្រក្នុងនោះរូបសំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ៕