ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានកំណើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹងនិងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV ChargingStation) ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជនចូលរួមលើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនិងបានជម្រាបជូនថា ក្រៅពីរថយន្តអគ្គិសនីក្រសួងបានជំរុញទោចក្រយានយន្ត(ម៉ូតូ)ឱ្យប្រើប្រាស់ថាមពលអគ្គិសនីផងដែរក្នុងនោះអង្គការ UNDPបានឯកភាពផ្ដល់ម៉ូតូឱ្យក្រសួងចំនួន៣០គ្រឿងហើយក្រសួងគ្រោងទិញប្រមាណពី៣០ទៅ៥០គ្រឿងបន្ថែមទៀតដើម្បីចាប់ផ្ដើមប្រើប្រាស់នៅក្នុងក្រសួងនិងបានធ្វើការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនអាហារដូចជា៖ Nham24 និង Food Panda ដើម្បីឱ្យប្ដូរពីម៉ូតូដែលប្រើប្រេងឥន្ធនៈទៅជាម៉ូតូប្រើអាគុយវិញ។
ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថាក្រសួងបានបញ្ជាទិញរថយន្តអគ្គិសនីចំនួន៤គ្រឿង បូកបន្ថែមជាមួយនឹងការផ្តល់ជូនជាជំនួយដោយផ្នែកឯកជនចំនួន៣គ្រឿងក្នុងខែតុលា ក្រសួងនឹងមានរថយន្តអគ្គិសនីចំនួន៧គ្រឿងហើយក្រសួងនឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការទិញរថយន្តប្រភេទនេះដើម្បីប្រើប្រាស់ក្នុងការចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវ។
គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំងហើយ ដោយទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។
សូមបញ្ជាក់ថា ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបងដែលជាជំនួយរបស់អង្គការ UNDPដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕