រាជធានីភ្នំពេញ ៖ នេះបើយោង តាមសេចក្តីជូនដំណឹង ស្តីពីឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ របស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា៖
យោងតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ជ្រាបថា ក្រសួងប្រៃសណីយ៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េដើម្បីចែកចាយ បន្តក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។
ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ទៀតថាឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះដោយមិនត្រូវយកទៅលក់បន្តឡើយ។
អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖