ហាវ៉ៃ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានបណ្ដាសារព័ត៌អន្ដរជាតិជាច្រើន បានចុះផ្សាយពីរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺបុរសអតីតជាជនអនាថាម្នាក់ ត្រូវបានគេចាប់ខ្លួនច្រឡំអត្តសញ្ញាណនិងឃុំខ្លួនក្នុងមន្ទីរពេទ្យផ្លូវចិត្ត អស់រយៈពេល២ឆ្នាំ និង៨ខែ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុង២០១៧លោក Joshua Spriestersbach ត្រូវបានប៉ូលិសដាស់ពីដំណេកដែលពេលនោះ គាត់បានគិតថា ប៉ូលិសចាប់ខ្លួនគាត់ពីបទអង្គុយនិងដេកលើចិញ្ចើមផ្លូវសាធារណៈប៉ុន្ដែក្រោយមកវាមិនមែនដូចអ្វីដែលគាត់បានគិតឡើយ។ តាមពិតទៅប៉ូលិស បានយល់ច្រឡំថាគាត់គឺជាបុរសម្នាក់ឈ្មោះថា Thomas Castleberry ដែលមានដីកាចាប់ខ្លួនពីបទទាក់ទងនឹងគ្រឿងញៀនកាលពីឆ្នាំ២០០៦។
ទន្ទឹមនឹងនេះដែរ គាត់បានព្យាយាមប្រកែកថារូបគាត់ផ្ទាល់មិនមែនជាបុរសជាប់ទោសឡើយដែលធ្វើឲ្យគេបញ្ជូនគាត់ទៅមន្ទីរពេទ្យផ្លូវចិត្ត ហើយប្រសិនបើគាត់កាន់តែប្រកែកនោះគេគ្រប់គ្នាកាន់តែគិតថា គាត់ជាមនុស្សវង្វេងស្មារតី និងវិកលចរិតទៅវិញ ថែមទាំងត្រូវបានគេចាក់ថ្នាំឲ្យជាច្រើនដងដើម្បីធ្វើឲ្យគាត់ស្ងប់ចិត្តផងដែរ។
លុះមកដល់ថ្ងៃមួយ មានគ្រូពេទ្យផ្នែកវិកលចរិតម្នាក់បានសម្រេចចិត្តព្រមស្ដាប់នូវអ្វីដែលគាត់និយាយរៀបរាប់។ ក្រោយមកក៏មានការស៊ើបអង្កេតខ្លះៗបានដំណើរការរហូតដល់រកឃើញថា បុរសដែលមានដីកាចាប់ខ្លួន បានជាប់ពន្ធនាគារនៅអាឡាស្កាតាំងពីឆ្នាំ២០១៦ម៉្លេះហើយចំពោះស្នាមម្រាមដៃ និងរូបថតវិញ គឺមានភាពខុសគ្នាទាំងស្រុងរវាងគាត់និងបុរសជាប់ទោស។ ដូច្នេះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ខាងមន្ទីរពេទ្យវិកលចរិត ក៏បានដោះលែងរូបគាត់ដោយស្ងាត់ៗនិងឲ្យប្រាក់ចំនួន៥០សេនប៉ុណ្ណោះ ដែលគិតថាបុរសអនាថាគ្មានផ្ទះសម្បែងដូចជារូបគាត់មិនមាននរណាខ្វល់ខ្វាយឡើយ។
យ៉ាងណាមិញ ក្រោយពីដោះលែងរួចមក គាត់បានវិលត្រលប់ទៅប្រើជីវិតជាជនអនាថាដូចមុនតែមិនយូរប៉ុន្មាន គាត់ក៏បានជួបជុំបងស្រីវិញ ដែលបងស្រីរបស់គាត់បានព្យាយាមតាមរកអស់រយៈពេលជិត១៦ឆ្នាំ។ សព្វថ្ងៃនេះ គាត់កំពុងរស់នៅក្នុងរដ្ឋ Vermont និងមានអារម្មណ៍ភ័យខ្លាច ខ្លាចត្រូវគេចាប់ខ្លួនគាត់ទៅម្ដងទៀត។ហើយកាលពីដើមសប្ដាហ៍នេះ ក៏មានការស្នើសុំឲ្យចៅក្រមលុបចោលការចាប់ខ្លួននិងកែតម្រូវរបាយការណ៍ទាក់ទងនឹងគាត់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖