ប្រទេសទីម័រឡេស្តេ ត្រូវបានថ្នាក់ដឹកនាំអាស៊ាន សម្រេចអនុញ្ញាតឱ្យចូលជា សមាជិកអាស៊ានទី១១ហើយ - TrueID

ប្រទេសទីម័រឡេស្តេ ត្រូវបានថ្នាក់ដឹកនាំអាស៊ាន សម្រេចអនុញ្ញាតឱ្យចូលជា សមាជិកអាស៊ានទី១១ហើយ

November 11, 2022

ភ្នំពេញ៖ ប្រទេសទីម័រឡេស្តេ ត្រូវបានថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន ​សម្រេចអនុញ្ញាតឱ្យចូលជាសមាជិកអាស៊ានទី១១ហើយ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិក អាស៊ានរបស់ទីម័រឡេស្តេ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា «យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ានបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារ ណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភ សហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិក អាស៊ានទី១១»។

សេចក្តីថ្លែងការណ៍របស់អាស៊ាន ក៏បានផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនេះ បង្កើតជាផែនទី បង្ហាញផ្លូវផ្អែកលើ លក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូល ជាសមាជិកពេញសិទ្ធិ របស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សា សម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយ ត្រូវដាក់ជូន ថ្នាក់ដឹកនាំអាស៊ានទាំងអស់ អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២។

ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបាន កំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

ប្រភព៖ ក្រសួងព័ត៌មាន

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...