ខេត្តសៀមរាប៖យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងថា រដ្ឋបាលខេត្តបានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មីបន្ថែមចំនួន ១១នាក់ ដែលនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ហើយក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានបញ្ចេញអត្តសញ្ញាណរបស់អ្នកវិជ្ជមានទាំងនោះផងដែរក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លង។
គួររំលឹកដែរថា មកទល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៨៧នាក់បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៥នាក់ និង៤១៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យនិងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាតក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៕