ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះដែរ ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យនិងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង ០៧ៈ០០ ព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីននិងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD នឹងធ្វើដំណើរឆ្ពោះមកទិស ពាយ័ព្យ។ នៅវេលាម៉ោង ០៤ៈ០០ ល្ងាច ថ្ងៃដដែលនេះវិសម្ពាធ បានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ ឈ្មោះ អ៊ីន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤ នៃរយៈទទឹងខាងជើងនិងខ្សែស្របទី ១១៤អង្សារ ១ នៃរយៈបណ្តោយខាងកើត។
យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។
ដោយឡែក ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ីន-ហ្វា TS IN-FA 2106នេះ និងខ្យល់មូសុងនិរតីនឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើងចាប់ពីថ្ងៃទី ៥, ៦, ៧ និងទី ៨ ខែកក្កដា ឆ្នាំ ២០២១។
លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាបមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំនិងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើននិងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
៣- តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រមានកម្ពស់ជាមធ្យម។
៤- ស្ថានភាពនៃទន្លេមេគង្គចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។
ក្រសួងធនធានទឹកអំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម