បរទេស៖ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅតំបន់អឺរ៉ុប កំពុងបញ្ចេញវ៉ាក់សាំងបង្ការដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ករណីឆ្លងប្រហែល ១៨,១០០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសនិងដែនដី ចំនួន៧៥ហើយគិតត្រឹមថ្ងៃចន្ទនេះ។
ប្រភពដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិកមានករណីឆ្លងច្រើនជាងគេគឺចំនួន ៣,៨៤៦ករណី តាមពីក្រោយ ដោយប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ជាមួយគ្នានោះ រដ្ឋាភិបាលបារាំងនិយាយថាខ្លួនបានបើកដំណើរការមជ្ឈមណ្ឌលជាង១០០ ហើយមនុស្សជាង ៦,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។
គួរឱ្យដឹងដែរថា យុទ្ធនាការបញ្ចេញវ៉ាក់សាំងការពារជំងឺអុតស្វានេះត្រូវបានគេរំពឹងថានឹងទទួលបានសន្ទុះអ្នកមកចាក់វ៉ាក់សាំង តាមរយៈការបើកមជ្ឈមណ្ឌលនៅក្នុងរដ្ឋធានី ជាតំបន់ដែលមានករណីឆ្លងជិតពាក់កណ្តាល នៃករណីឆ្លងនៅប្រទេសបារាំងទាំងមូល៕
ប្រភព៖ NHK