រាជធានីភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករវិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខេត្តខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញ មេត្តាជ្រាបថា៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះគណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមានកងពលធំ អន្តរគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសតំបន់ប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារ នៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងនោះដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងស្មារតីចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ សប្បុរជនទាំងអស់ មេត្តាចូលរួមជួយផ្តល់អំណោយជាថវិកាស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លាដើម្បីចូលរួមចំណែកឧបត្ថម្ភជូនដល់វីរៈកងទ័ព និងក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
ទោះបីក្នុងកាលៈទេសៈព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏ដោយក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៍ដែលជាវប្បធម៍នៃការចែករំលែករបស់ប្រជាជាតិយើង៕