ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ខេត្តចំនួន៩នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង។
ក្រសួងបញ្ជាក់ថា អាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់ចុះយ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។
- ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងមានធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦°C។
- ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧-១៨°C។
- ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់២០°C។
ក្នុងអំឡុងពេលនោះដែរសង្កេតឃើញថាសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩°C។បន្ទាប់ពីថ្ងៃទី២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី២-៣°C វិញ៕