ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនោះដែរក្រសួងធនធានទឹកបញ្ជាក់ថា នៅក្នុងសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល៖
- ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
- ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង
- ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
- ខ្យល់សមុទ្រ ( SeaBreeze )
- វិសម្ពាធពីរដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើងនិងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញអាចប្រឈមនឹងជំនន់ទឹកភ្លៀង។
ដោយឡែក នៅបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុនិងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើក្រសួងណែនាំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖