ឥណ្ឌា៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេដាក់រហ័ស្សនាមឲ្យថា “អ្នកចម្បាំងកូវីដ” ដោយសារតែគាត់បានចូលរួមចំណែកជួយបូជាសពអ្នកជំងឺកូវីដ-១៩ ចំនួន១,៣០០នាក់។តែទីបំផុត គាត់ក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ដែរ បន្ទាប់ពីគាត់មិនអាចទទួលបានការព្យាបាលនិងគ្មានគ្រែនៅមន្ទីរពេទ្យ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Chandan Nimje អាយុ៦៧ឆ្នាំហើយកាលនៅមានជីវិត គាត់បានអបអរសាទរដោយអភិបាលក្រុង Nagpur ដែលគាត់ហ៊ានប្រថុយជីវិតដើម្បីធ្វើពិធីចុងក្រោយសម្រាប់ជនរងគ្រោះរាប់រយនាក់នៃជំងឺរាតត្បាតកូវីដ-១៩។ ទន្ទឹមនឹងនោះទៀតគាត់បានធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្ត នៅពេលដែលសមាជិកគ្រួសារជាច្រើនមិនហ៊ានចូលទៅក្បែរសពជាទីស្រលាញ់របស់ពួកគេ ដែលបានស្លាប់ដោយសារជំងឺនេះ។
យ៉ាងណាមិញ បន្ទាប់ពីចូលរួមបូជាសពអស់រយៈពេលជាងមួយឆ្នាំមកនេះគាត់ក៏បានឆ្លងជំងឺកូវីដ-១៩និងមានការពិបាករកគ្រែសម្រាប់សម្រាកព្យាបាលយ៉ាងខ្លាំងនៅមន្ទីរពេទ្យ។
បើយោងតាមកាសែត The Times of India បានរាយការណ៍ថាក្រុមគ្រួសាររបស់គាត់ ត្រូវបានបង្ខំចិត្តចំណាយប្រាក់សន្សំទាំងអស់ដើម្បីយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប៉ុន្ដែពួកគេមិនអាចជួយសង្គ្រោះបានឡើយ។ហើយសូម្បីតែកូនប្រុសរបស់គាត់ ក៏បានស្លាប់ដោយសារជំងឺនេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail